(ភ្នំពេញ)៖ នៅខេត្តធំៗដូចជា៖ ខេត្តកំពង់ចាម ខេត្តកណ្ដាល និងខេត្តព្រៃវែង ដែលការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានចាញ់សំឡេងគាំទ្រ គណបក្សសង្គ្រោះជាតិនោះ ស្រាប់តែការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅឆ្នាំ២០១៧នេះ សំឡេងគាំទ្រគណបក្សប្រជាជន បានកើនឡើងគួរឲ្យភ្ញាក់ផ្អើល ខណៈដែលបក្សប្រឆាំងបានថយចុះយ៉ាងគំហុក។

មិនខុសពីតាមខេត្តធំៗទាំងនេះ សម្រាប់រាជធានីភ្នំពេញ ដែលជាមណ្ឌលពោពេញទៅដោយប្រជាជន នយោបាយ និងសេដ្ឋកិច្ច និងជាទីតាំងឈរជើង របស់សម្តេច សាយ ឈុំ និងឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ជាប្រធានក្រុមការងារអមដោយថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សមួយចំនួនទៀតនោះ សម្រាប់ការបោះឆ្នោតលើកនេះ​គណបក្សប្រជាជនកម្ពុជា បានកើនឡើងសំឡេងគាំទ្រយ៉ាងខ្លាំង រហូតជាង៩.៤ម៉ឺនសំឡេង បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដោយចំនួននេះបានលើសសំឡេងគណបក្សសង្គ្រោះជាតិ រហូតជាង៦ម៉ឺនសំឡេងឯណោះ ដែលខុសគ្នាយ៉ាងឆ្ងាយ ដែលការពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជន បានចាញ់គណបក្សសង្គ្រោះជាតិ ​រហូតជាង១២ម៉ឺនសំឡេងឯណោះ។

តាមលទ្ធផលបឋមក្រៅផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា 

* សម្រាប់រាជធានីភ្នំពេញ ការបោះឆ្នោតឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ៣៥១,៣៩១សំឡេង ពោលមានការកើនឡើងរហូតទៅដល់៩៤,០៤០សំឡេង បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣។

* គណបក្សសង្គ្រោះជាតិវិញ សម្រាប់ការបោះឆ្នោតលើកនេះទទួលបាន ៤១៦,០៣២សំឡេង គឺកើនឡើងត្រឹមតែ៣៣,១៥២សំឡេងប៉ុណ្ណោះ បើប្រៀបធៀបការពីកាលបោះឆ្នោតឆ្នាំ២០១៣។

* លទ្ធផលដដែលនេះ ​បានបង្ហាញទៀតថា កាលពីបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ លើសសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ ១២៥,៥២៩សំឡេង ប៉ុន្ដែការបោះឆ្នោតលើកនេះគណបក្សសង្គ្រោះជាតិ លើសគណបក្សប្រជាជនកម្ពុជាមកត្រឹមតែ ៦៤,៦៤១សំឡេង ដូច្នេះមានន័យថា សំឡេងគាំទ្ររបស់គណបក្សប្រឆាំងបានថយចុះជាងពាក់កណ្ដាល៕

(សម្តេចវិបុលភក្តី សាយ ឈុំ បានអញ្ជើញបោះឆ្នោត នៅការិយាល័យបោះឆ្នោត ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ)