(ញូដេលី)៖ អង្គការស្រាវជ្រាវអវកាសឥណ្ឌា ISRO នាពេលថ្មីៗបានបង្ហោះគ្រាប់រ៉ុក្កែតដែលធ្ងន់ជាងគេបំផុតរបស់ពួកគេ ដែលមានទម្ងន់ប្រមាណ ៦៤០តោន និងផ្ទុកផ្កាយរណបមួយគ្រឿងមានទម្ងន់ដល់ទៅ ៣,០០០គីឡូក្រាម ទៅកាន់ទីអវកាសតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយខ្លួនឯងផ្ទាល់ ខណៈប្រទេសអាស៊ីខាងត្បូងនេះ តែងតែទទួលការរិះគន់ ដោយសារតែការចំណាយលុយយ៉ាងច្រើនទៅលើគម្រោងផ្នែកអវកាស នៅពេលដែលប្រជាជនរបស់ខ្លួនជិតមួយភាគបី បាននិងកំពុងរស់នៅក្រោមខ្សែបន្ទាត់នៃភាពក្រីក្រ។
ដោយឡែកមានហេតុផលចំនួន០៤ ដែលនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងបែបនេះ របស់ឥណ្ឌានៅក្នុងវិស័យអវកាស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០៧ ខែមិថុនា ឆ្នាំ២០១៧។
១៖ ការចំណាយតិច
ប្រទេសឥណ្ឌាបានអះអាងថា ការចំណាយនៃការបាញ់បង្ហោះគ្រាប់រ៉ុក្កែតចុងក្រោយបំផុតនេះ ពុំមានទំហំច្រើនឡើយបើយោងតាមបទដ្ឋានអន្តរជាតិ ដោយវាតម្លៃប្រហែល០៥លានដុល្លារ។
២៖ ភាពរីកចម្រើននៃឧស្សាហកម្មនេះ
សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ីគ្រប់គ្រងទីផ្សារជិត ៧៥ភាគរយ នៃឧស្សាហកម្មបង្ហោះផ្កាយរណប ដែលមានតម្លៃជិត ០៦ពាន់លានដុល្លារ និងកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រទេសឥណ្ឌានាពេលនេះមានភាគហ៊ុនជាង ០.៥ភាគរយ នៅក្នុងវិស័យឧស្សាហកម្មខ្ទង់ពាន់លានដុល្លារនេះ និងមានអតិថិជនច្រើនជាងមុន បើធៀបទៅនឹងអតីតកាល។
៣៖ សេវាធូរថ្លៃ
ផ្កាយរណបទូរគមនាគមន៍ និងឧតុនិយមភាគច្រើនមានទម្ងន់ជិត ០៤តោន ហើយត្រូវការគ្រាប់រ៉ុក្កែតធំៗ ដើម្បីបាញ់បង្ហោះពួកវាទៅកាន់ទីអវកាស។ ដោយឡែកជាមួយការបង្ហោះផ្កាយរណបចុងក្រោយបំផុតនេះ ឥណ្ឌាបានផ្ញើសារដ៏សំខាន់មួយ ទៅកាន់សហគមន៍អន្តរជាតិថា ជម្រើសដែលមានតម្លៃធូរថ្លៃសមរម្យ គឺមានសម្រាប់ឲ្យពួកគេជ្រើសរើស។
៤៖ ឥណ្ឌាសង្ឃឹមថា ខ្លួននឹងអាចជំរុញលើកទឹកចិត្ត ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ប្រើប្រាស់សេវារបស់ពួកគេ ដើម្បីបាញ់បង្ហោះផ្កាយរណបជាជាងសេវាកម្មរបស់ប្រទេសលោកខាងលិច៕