គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅខេត្តព្រះវិហារ បណ្តាលឲ្យមនុស្ស១១នាក់ រងរបួស ខ្លះបាក់ដៃ ខ្លះបាក់ជើង
07-06-2017 14:47
(ព្រះវិហារ)៖ មនុស្សចំនួន១១នាក់ បានរងរបួស ខ្លះបាក់ដៃ ខ្លះបាក់ជើង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារតែក្រឡាប់រថយន្តខ្លួនឯង ស្ថិតលើកំណាត់ផ្លូវជាតិលេខ៦២ ក្នុងភូមិរំចេក ឃុំរម្មណី ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នេះ។ ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យខេត្តព្រះវិហារ១៦មករា។
លោក សាយ ដេត អធិការនគរបាលស្រុករវៀង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ តាមទូរស័ព្ទថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីតៃកុងឡាន ងងុយដេកពេលបើករថយន្ត ដឹកឈើផ្ទះចាស់ៗ ក្នុងគោលបំណងយកទៅ ខេត្តកំពង់ចាម។ ដោយឡែក អ្នករបួសទាំង១១នាក់ មានអ្នកបាក់ដៃ បាក់ជើង និងបែកក្បាល ហើយក្រោយកើតហេតុ តៃកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នរថយន្ត និងឈើត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕