(ភ្នំពេញ)៖ ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឥឡូវនេះគណបក្សប្រឆាំងកំពុងតែវ៉ល់ៗនឹងការសន្យា របស់ខ្លួន និងបានកំពុងកៀងគរសកម្មជនរបស់ខ្លួន មកពន្យល់បកស្រាយលើសារនយោបាយបោកប្រាស់ រឿងផ្តល់ថវិកា៥០ម៉ឺនដុល្លារអាមេរិកនៅក្នុងមួយឆ្នាំដល់ឃុំសង្កាត់។ពួកគេចាប់ផ្តើមប្រែក្រឡាស់បាតដៃជា
ខ្នងដៃថាថវិកានេះ នឹងផ្តល់ជូនលុះត្រាគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោត នៅឆ្នាំ ២០១៨ ខណៈ មន្ត្រីជាន់ខ្ពស់របស់បក្សនេះក្នុងនោះ មាន យឹម សុវណ្ណ បានប្រកាសក្តែងៗ និងសរសេរលើហ្វេសប៊ុករបស់ ខ្លួនបែបបន្លំ និងបំភ័ន្តអ្នកបោះឆ្នោតថា «សូមបងប្អូនជនរួមជាតិ បោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនៅ ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដើម្បីបានថវិកាប្រចាំឆ្នាំ កន្លះលានដុល្លារអភិវឌ្ឍឃុំ-សង្កាត់»។
មិនតែប៉ុណ្ណោះ សារនេះត្រូវបានបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនដើរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្ត បោះឆ្នោត ឱ្យគណបក្សសង្គ្រោះជាតិ ក៏ដោយសារតែឃើញដាក់នុយធំ៥០ម៉ឺនដុល្លារ ប៉ុន្តែមិនដឹងយកថវិកាមកពីណានោះទេ។
ពេលនេះប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់ទាំង ៤៨២ ដែលគណបក្សសង្គ្រោះជាតិឈ្នះដឹកនាំឃុំនេះ កំពុងតែទន្ទឹងរង់ចាំកញ្ចប់ថវិកានេះព្រោះច្បាស់ណាស់ ថ្នាក់ដឹកនាំ និងសកម្មជនបក្សនេះបាននិយាយថា បើបោះឆ្នោតឱ្យបក្សខ្លួននឹងទទួលបានថវិកា៥០ ម៉ឺនដុល្លារ។ ប៉ុន្តែឥឡូវនេះពួកគេចាប់ផ្តើមលើកឡើងថា ទេបងប្អូនស្តាប់ច្រឡំហើយ មិនមែនពេលនេះទេ គឺនៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត! ឮតែអួត អាងថាឈ្នះតាំងពីឆ្នាំ១៩៩៨ តែរហូតមកទល់ពេលនេះ ឃើញតែបរាជ័យយ៉ាងអាម៉ាសបំផុត។
បោះឆ្នោត ២០១៧បានបង្ហាញថា ភាពអំនួតក្អេងក្អាងរបស់គណបក្សប្រឆាំងបានធ្វើឱ្យគណបក្សនេះចាញ់ឆ្នោតយ៉ាងដំណំ ព្រោះតែការធ្វើនយោបាយបោកប្រាស់ រាស្ត្រលែងជឿទុកចិត្ត។ តាមកំណើននៃសន្លឹកឆ្នោតដែល គណបក្សប្រជាជនកម្ពុជាទទួលបានក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ពេលនេះមានរហូតដល់ជាង ៣,៥ លានសំឡេងកើនចំនួនជាង ៣០ ម៉ឺនសំឡេង គណបក្សប្រជាជនកម្ពុជានឹងបន្តឈ្នះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨ ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋសភាបន្តទៀត។ ដូច្នេះអ្វីដែលបក្សប្រឆាំងបានសន្យា គឺគ្រាន់តែជាការបោលបញ្ឆោត និងបំភ័ន្តរាស្ត្រតែប៉ុណ្ណោះ។ ដើម្បីទទួលបាន សំឡេងឆ្នោត បក្សប្រឆាំងហ៊ានសន្យាឱ្យលើសពីនេះទៀត ១ លានដុល្លារក្នុងមួយឃុំក៏បាន ចុះមានយកលុយពី ក្រុមគ្រួសារគាត់ ឯណា ចេះតែថាៗទៅដើម្បីដាក់ទម្ងន់លើកម្មវិធីនយោបាយប្រហោងក្នុងរបស់ខ្លួន។
នេះបានចំជាអ្នកភូតកុហក បោកប្រាស់អាជីពមែន។ បក្សប្រឆាំងបានបន្លំ និងបំភ័ន្តប្រជាពលរដ្ឋ ដោយយកគោលនយោបាយបោះឆ្នោតសកលមកដាក់ក្នុងគោល នយោបាយបោះឆ្នោតឃុំសង្កាត់។ ការធ្វើនយោបាយបែបនេះត្រូវបានគេវាយតម្លៃថា ជាការធ្វើនយោបាយបោកប្រាសរាស្ត្រខ្លួនឯង។ ប៉ុន្តែតាមសំឡេងរបស់ ប្រជាពលពីក្នុងឃុំ-សង្កាត់នោះ ពួកគេនឹងមិនសុខចិត្តចំពោះការឃោសនាបោកប្រាស់នេះទេ បើថាឱ្យឃុំដែលឈ្នះការបោះឆ្នោតត្រូវតែ គោរពពាក្យសន្យា មិនអាចប្រែក្រឡាស់ដកការសន្យាពាក់កណ្តាលទីនោះទេ។ ពួកគេនឹងអាចនាំគ្នាមកតវ៉ាសួរនាំ នៅមុខទីស្នាក់ការ ឬនៅតាមផ្ទះសកម្មជនបក្សសង្គ្រោះជាតិដែលបានសន្យាលើកញ្ចប់ថវិកានេះ។
សូម្បីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិក៏នឹកក្នុងចិត្តថា ខ្លួនបានជាប់ជាមេឃុំ-ចៅសង្កាត់ ហើយនឹងទទួលបានការបណ្តុះបណ្តាលពីម្សៀរ យឹម សុវណ្ណ ដើម្បីចេះគ្រប់គ្រង កញ្ចប់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំ-សង្កាត់នៅក្នុងមួយឆ្នាំក៏បានរលាយ
បាត់សូន្យដែរ ហើយអ្នកខ្លះដែលមិនគ្មានសមត្ថភាពពិតគ្មានបទពិសោធខ្លះក៏ទំនងនឹងគ្មានវាសនាឃើញ លុយនេះផង កុំសូម្បីនិយាយដល់ បានប៉ះ និងចាត់ចែងលើថវិកាខ្យល់នេះ ព្រោះអាចត្រូវរបេះតំណែង ឬ បើមិនបានបង់ថវិកាតាមការកំណត់ឱ្យបកដូចម្សៀរ យឹម សុវណ្ណ ដាក់បញ្ជាទេ នឹងត្រូវដកចេញដូច កូនស្ពៅហើយ។ នៅពេលនោះ អ្នកចំណាយលុយដើម្បីបានឈរឈ្នោះលេខរៀងល្អ នឹងខាតឡុងចុង ហើយអ្នកមានលុយអាចសូកដើម្បីមកកាន់តំណែងនេះ។
ពេលឃោសនាធ្វើឫកដូចហំណាស់ តែដល់ក្រោយការបោះឆ្នោតរួចហើយ ទើបបង្ហាញច្បាស់ថា មេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិពិតជាបាន ភូតកុហក បំភ័ន្ត និងធ្វើនយោបាយបោកប្រាស់ ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដមែន។ អ្នកគាំទ្រមួយចំនួនបានបន្តចាញ់បោក និងអ្នកខ្លះបានខកចិត្តបណ្តើរ ទាំងលទ្ធផលបោះឆ្នោតមិនទាន់ប្រកាសជាផ្លូវការផង ព្រោះសមាសភាពជាមេឃុំចៅសង្កាត់ដែលមកគ្រប់ គ្រងពួកគាត់សុទ្ធតែមនុស្សប្រហោងក្នុង គ្មានបទពិសោធ គ្មានការអប់រំខ្ពង់ខ្ពស់ គ្មានសមត្ថភាពពិតក្នុងការដឹកនាំខណៈខ្លះជាជាងដែក ជាងសំណង់ ជាងកាត់សក់ និងខ្លះទៀតជា អ្នកញៀនល្បែងដូចអេង ឆៃអ៊ាង ដែរ។ តើរាស្ត្រខ្មែរគួរតែបន្តគាំទ្រអ្នកនយោបាយអង្ករកំប៉ុង អ្នកនយោបាយបោកប្រាសរាស្ត្រទៀត ឬយ៉ាងណា?
ដោយ៖ ចៅចាក់ស្មុក