(ភ្នំពេញ)៖ ភាពយន្តខ្នាតធំថ្មីមួយទៀត មានចំណងជើងថា «នាងនាថបាត់ដំបង» បានបើកសម្ពោធបញ្ចាំងជាផ្លូវការហើយ នាយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Major by Cellcard ផ្សារទំនើប អ៊ីអនម៉ល ដោយមានការអញ្ជើញចូលរួម ពីសំណាក់តារាសម្ដែង និងថ្នាក់ដឹកនាំ ប្រចាំក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ជាច្រើននាក់។
លោក ស៊ិន សុផាត នាយកគ្រប់គ្រងការផលិត ប្រចាំក្នុងស្ថានីយទូរទស្សន៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ បានថ្លែងឲ្យដឹងថា បន្ទាប់ពីមានការសិក្សាស្រាវជ្រាវ ពីប្រវត្តិរឿងនាងនាថ នៅខេត្តបាត់ដំបងរួចមក ក្រុមការងារយល់ឃើញថា រឿងរ៉ាវទាំងនេះមានភាពទាក់ទាញ រួចក្រុមការងាររបស់ប៉ុស្ដិ៍លេខ៥ សម្រេចចងក្រងជាឯកសារ និងរៀបចំជាសាច់រឿង ដើម្បីផលិតជាភាពយន្ត ដោយដាក់ចំណងជើងថា «នាងនាថបាត់ដំបង» ឡើងតែម្ដង។ រឿងនេះ ក៏មានលក្ខណៈពិសេសផងដែរ ដោយសារមានលោក សាយុន ជាអ្នកនិពន្ធ និងដឹកនាំសម្ដែង ដើម្បីឲ្យរឿងនេះ មានគុណភាពល្អ ដូចបណ្ដារឿងមុនៗ។
លោកបន្ដថា ភាពយន្តរឿង «នាងនាថបាត់ដំបង» ជាប្រភេទរឿងខ្មោចព្រាយបិសាច តែលាយឡំនឹងឈុតឆាក កំប្លុកកំប្លែង សើចសប្បាយ ប៉ុន្តែក៏យើងបានបញ្ចូលដោយការអប់រំ ការមានគុណធម៌ ការស្រឡាញ់ស្មោះស្ម័គ្រ ដើម្បីបង្ហាញដល់អ្នកទស្សនា ផងដែរ។ អ្វីដែលជាគោលដៅសំខាន់ របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺធ្វើយ៉ាងណារិះរកនូវអ្វីដែលថ្មី ប្លែក និងគោរពនូវប្រពៃណីខ្មែរ សីលធម៌ ក្នុងន័យឲ្យអ្នកទស្សនាទទួលយកបាន។
នាយកគ្រប់គ្រងការផលិតរូបនេះ បានបន្តថា លោកសង្ឃឹមយ៉ាងមុតមាំថា ខ្សែភាពយន្ត រឿង«នាងនាថបាត់ដំបង» នឹងធ្វើឲ្យអ្នកទស្សនាទាំងអស់ ជក់ចិត្តដិតអារម្មណ៍ ប្លែកភ្នែក ព្រោះតែរឿងនេះ មានការដឹងនាំសម្ដែង ដោយផលិតករ មកពីប្រទេសថៃ សហការជាមួយនឹងផលិតករ នៅក្នុងប្រទេសកម្ពុជា ធ្វើឲ្យផ្ទៃរឿងទាំងមូល មានភាពទាក់ទាញអ្នកទស្សនា។ ជាពិសេសការប្រើឧបករណ៍បច្ចេកទេស ការជ្រើសរើសតួសម្ដែង និងទីតាំងថត ក៏ត្រូវបានសម្រិតសម្រាំងឡើងយ៉ាងល្អផងដែរ។
សូមបញ្ជាក់ថា រឿង «នាងនាថបាត់ដំបង» គឺរឿងព្រេងនិទានពីបុរាណ ស្ដីពីជីវិតរបស់មនុស្សម្នាក់ឈ្មោះ «នាថ» រស់នៅក្នុងខេត្តបាត់ដំបង ដែលត្រូវបានស្លាប់ទាំងម្ដាយ និងកូននៅក្នុងផ្ទៃ ធ្វើឲ្យអ្នកស្រុកអ្នកភូមិខ្លាចរអា ហើយត្រូវបានស្ថានីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ យកមកផលិតជាភាពយន្តខ្នាតធំ ដើម្បីបញ្ចាំងជូនទស្សនិកជនទស្សនា ឲ្យដឹងពីប្រវត្តិរបស់នាងនាថ។
ភាពយន្តខ្នាតធំ រឿង«នាងនាថបាត់ដំបង» ជាខ្សែភាពយន្តលាយឡំជាមួយនឹងមនោសញ្ចេតនា ស្នេហាផ្អែមល្ហែម ស្អិតល្មួតរវាងតួឯកទាំងពីរ គឺលោក ញ៉ែម សុគន្ធ និងកញ្ញា នី មុនីនាថ ដែលក្នុងនោះ លោកញ៉ែម សុគន្ធ ត្រូវរស់នៅជាមួយប្រពន្ធ ជាខ្មោចព្រាយទៀតផង ទម្រាំដឹងការពិត។ ភាពយន្តនេះ នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ នៅគ្រប់រោងភាពយន្តទាំងអស់ ក្នុងរាជធានីភ្នំពេញ និងរោងភាពយន្តបារាយណ៍អណ្ដែត ខេត្តសៀមរាប៕