(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យជំនាញ បញ្ជូនខ្លួនជនសង្ស័យ២នាក់រួម និងយ៉ាម៉ា១៤៧គ្រាប់ ទៅតុលាការខេត្ត បន្ទាប់ពីកម្លាំងនគរបាល ស្រុកភ្នំព្រឹក បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលសកម្មក្នុងការរកក្សាទុក ប្រើប្រាស់ និងជួញដូរនូវសារធាតុញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន កាលពីវេលាម៉ោង១៥និង៤០នាទីថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៧ នៅចំណុចលើភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
លោកវរសេនីយ៍ទោ សុង សុភ័ក្រ្ត អធិការស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង១៥និង៤០នាទី នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅចំណុច លើភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក កម្លាំងយើងបានចុះបង្រ្កាបក្នុងបទល្មើសជាក់ស្តែងមួយករណី ជួញដូរថ្នាំញៀន បានចំនួន ២នាក់ ទី១៖ ឈ្មោះ ឌី នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបណ្តោះអាសន្ន ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង, ២៖ ឈ្មោះ ផុន ស្រស់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប ដូចគ្នាស្នាក់នៅបណ្តោះអាសន្ន ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
វត្ថុតាងដកហូតរួមមាន ១៖ ថ្នាំគ្រាប់សញ្ញា WY លើគ្រាប់ថ្នាំពណ៍ស្លាទុំរាងមូលសំប៉ែត សង្ស័យមានសាធាតុញៀនចំនួន១៤៧គ្រាប់, ២៖ ម៉ូតូម៉ាកសង់ ស៊េរី ២០១៥ ពណ៌ខ្មៅ ចំនួន២គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់រួចហើយ៕