(បាត់ដំបង)៖ រថយន្តធន់៥តោន១គ្រឿង បានបើកក្នុងល្បឿនលឿន រេចង្កូតទៅខាងស្តាំដៃគេ ជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កបណ្តាល ឲ្យប្តីស្លាប់ ឯប្រពន្ធរបួសធ្ងន់ នាវេលាម៉ោង២៖៤០នាទី រំលងអាធ្រាត្រថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៧ ចំណុចក្រុម ទី៣ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានទុករថយន្តចោលរត់គេចខ្លួន បាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាវេលាម៉ោង២៖៤០នាទី រំលងអាធ្រាត្រថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥៧ ចំណុចក្រុមទី៣ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ មានករណីគ្រោះថ្នាក់ចរាចរមួយលើកកើតឡើងរវាងរថយន្ត៥តោន និងម៉ូតសណ្តោង រ៉ឺម៉ក បើកបញ្ច្រាស់ទិសគ្នាពីកើតទៅលិច ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ​ធន់៥តោន ពាក់ស្លាកលេខភ្នំពេញ 3A-1495 បានក្រឡាប់នៅកន្លែងកើតហេតុ (អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណ រត់គេខ្លួនពីកន្លែងកើតហេតុ)។

សមត្ថមូលដ្ឋានបានបញ្ជាក់ថា អ្នកបើកបររថយន្តក្នុងល្បឿនលឿន ពីកើតទៅលិចហើយរ៉េចង្កូត ចូលទៅខាងស្ដាំដៃបណ្តាលឲ្យបុកម៉ូតូ សណ្តោងរ៉ឺម៉ក ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1G-8503 បើកបរដោយឈ្មោះ មិត្ត សាមឿន អាយុ២៧ឆ្នាំ រស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ មានពាក់មួកសុវត្ថិភាព (ស្លាប់នៅកន្លែងកើតហេតុ) ចំណែកអ្នករួមដំណើរ ១នាក់ ត្រូវជាប្រពន្ធ ឈ្មោះ ហេង នាង ភេទស្រី អាយុ២៥ឆ្នាំ ពាក់មួកសុវត្ថិ (របួសធ្ងន់) បានបញ្ចូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ដោយ រថយន្តសង្គ្រោះឃុំភ្នំសំពៅ។ ចំណែកសាកសពជនរងគ្រោះត្រូវ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន។

បច្ចុប្បន្ន រថយន្ត និងម៉ូតូខូចធ្ងន់ត្រូវបានកម្លាំងជំនាញចរាចរណ៍ផ្លូវគោកខេត្ត យកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ៕