(ពោធិ៍សាត់)៖ កម្លាំងនគរបាលបានបង្ក្រាប មុខសញ្ញាសកម្មដែលរក្សាទុកជួញដូរចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ត្រូវបានកម្លាំងនគរបាលរដ្ឋាបាលកំពង់ពោធិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសណ្តាន់ និងកម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលស្រុក បង្ក្រាបនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ។
ជនសង្ស័យឈ្មោះ មួន សោភ័ណ្ឌ អាយុ១៩ឆ្នាំ រស់នៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវនគរបាលចាប់ ឃាត់ខ្លួន កាលពីវេលាម៉ោង១៩៖១៣នាទីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ នៅចំណុចភូមិអូរសណ្តាន់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងទទួលបន្ទុកការងារនគរបាលយុត្តិធម៌ស្រុកក្រគរ បានប្រាប់ឲ្យដឹងថា ដោយទទួលបានព័ត៌មាន ច្បាស់ការ ពីប្រជាពលរដ្ឋចូលរួមសហការនគរបាលធ្វើការចុះបង្ក្រាបនៅវេលាម៉ោង២៤៖៤៥នាទី ឈានចូលថ្ងៃទី៦ នៅចំណុចខាងលើ ចាប់បានជនសង្ស័យឈ្មោះ មួន សោភ័ណ្ឌ ដែលជាមុខសញ្ញារក្សាទុកចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ត្រី បន្តថា ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចរកឃើញថ្នាំញៀនចំនួន៣៤កញ្ចប់តូច និង១កញ្ចប់ធំ,ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង, ប្រដាប់ជក់មួយកំប្លេរ និងដកហូតម៉ូតូធុនសេ១២៥ចំនួន១គ្រឿងពាក់ស្លាកលេខ ពោធិ៍សាត់ 1H-8284 ពណ៌ខ្មៅ ដែលជន សង្ស័យជិះធ្វើសកម្មភាពចែកចាយថ្នាំញៀន។
លោកបានបន្ថែមទៀតថា ការចាប់ជនសង្ស័យឈ្មោះ មួន សោភ័ណ្ឌ គឺធ្វើឡើងតាមបញ្ជាលោកព្រះរាជអាជ្ញាសាលាដំបូង ខេត្តពោធិ៍សាត់។ ក្រោយពេលចាប់ខ្លួនជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានចែកចាយថ្នាំញៀនមែន តែចំពោះម៉ូតូដែល គេជិះធ្វើសកម្មភាពមិនមែនជារបស់ខ្លួនគេឡើយ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕