(ព្រៃវែង)៖ បើរំលឹកពីការបោះឆ្នោតកាលពីឆ្នាំ២០១៣កន្លងទៅ មូលដ្ឋានដែលសំខាន់មួយទៀត គឺខេត្តព្រៃវែង ពេលនោះគណបក្សសង្គ្រោះជាតិ បានទទួលជោគជ័យ ដោយឈ្នះសំឡេងគណបក្សប្រជាជនកម្ពុជា ប៉ុន្ដែសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧នេះ សន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ មានការប្រែប្រួលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ គណបក្សប្រជាជនកម្ពុជាដែលជាមូលដ្ឋានឈរជើង របស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស បានកើនឡើងរហូតដល់ជាង២.៦ម៉ឺនសំឡេង ខណៈដែលគណបក្សសង្គ្រោះជាតិ បានបាត់បង់សំឡេងរហូតជាង៥ម៉ឺនសំឡេងឯណោះ។

យោងតាមលទ្ធផលបឋមក្រៅផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា សម្រាប់ខេត្តព្រៃវែងទាំងមូលមាន១១៦ឃុំ-សង្កាត់ ហើយការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាមេឃុំចៅសង្កាត់ រហូតដល់៧៣ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិ ទទួលដំណែងជាមេឃុំចៅសង្កាត់ បានត្រឹមតែ៤៣ឃុំ-សង្កាត់ប៉ុណ្ណោះ។

លទ្ធផលបឋមក្រៅផ្លូវការបានបង្ហាញថា ការបោះឆ្នោតឆ្នាំ២០១៧៖

* គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋចំនួន ២៧៨,៥៣២សំឡេង គឺកើនឡើងរហូតដល់២៦,៨៤៣សំឡេង បើប្រៀបធៀបពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលទទួលបាន ២៥១,៦៨៩សំឡេង។

* គណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងចំនួន ២៣៦,៦២៨សំឡេង ដែលមានការថយចុះយ៉ាងច្រើនរហូតដល់ ៥១,១៥​០សំឡេង បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលទទួលបាន២៨៧,៧៧៨សំឡេង។

* ដូចេ្នះការបោះឆ្នោតនៅឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា បានកើនលើសគណបក្សសង្គ្រោះជាតិ រហូតដល់៤១,៩០៤សំឡេង។

សូមជំរាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរ មានការទទួលស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ ជាតិ និងអន្ដរជាតិនោះ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៧,០៤០,៥៩៤នាក់ ស្នើនឹង៨៩.៥២ភាគរយ ក្នុងចំណោមប្រជាជន ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៧,៥៦៥,០៣៣នាក់ បានអញ្ជើញ ទៅបោះឆ្នោត៕