(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះថា ក្រោយពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល៤៥ថ្ងៃ ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរមេឃុំ-ចៅសង្កាត់អាណត្តិថ្មី នៅទូទាំងប្រទេស។
បើតាមលោក ហង្ស ពុទ្ធា ចំពោះលទ្ធផលផ្លូវការយ៉ាងណានោះ នៅមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែគិតត្រឹមថ្ងៃទី០៦ ខែមិថុនា ម្សិលមិញនេះ លទ្ធផលបោះឆ្នោតដែល គ.ជ.ប មិនទាន់ទទួលបានពីថ្នាក់ក្រោមជាតិរបស់ខ្លួននោះ នៅសល់តែប្រមាណ១០ឃុំទៀតតែប៉ុណ្ណោះ ខណៈមន្រ្តីគ្រប់លំដាប់ថ្នាក់នៃ គ.ជ.ប និងដៃគូនានា កំពុងដុតដៃដុតជើងសម្រុកធ្វើការងារឲ្យបានចប់សព្វគ្រប់។
* លទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវ គ.ជ.ប ប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ក្រោយពេលដោះស្រាយបណ្ដឹងរួចរាល់។
លោក ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «រយៈពេល៤៥ថ្ងៃ ក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតឃុំ-សង្កាត់ គេនឹងធ្វើការផ្លាស់ប្ដូរមេឃុំ-ចៅសង្កាត់ថ្មីហើយ ដែលការងារនេះ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែការផ្លាស់ប្ដូរយឺត ឬលឿនយ៉ាងណានោះ គឺអាស្រ័យទៅតាមការរៀបចំរបស់ឃុំ-សង្កាត់នីមួយៗ»។
លទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៤ បានបង្ហាញថា ក្នុងចំណោមឃុំ-សង្កាត់ទាំង ១,៦៤៦ នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៦៣ឃុំ-សង្កាត់ ដោយនៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោតនេះ ខណៈគណបក្សសង្គ្រោះជាតិទទួលបានត្រឹមតែ ៤៨២ឃុំ-សង្កាត់ប៉ុណ្ណោះ និងគណបក្សខ្មែររួបរួមជាតិ ក៏ទទួលបាន១ឃុំ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដែលមានចំនួន ៧,៨៦៥,០៣៣នាក់៕