(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ចាប់ពីថ្ងៃទី១១-១៦ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ រដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងប្រតិភូជាន់ខ្ពស់មកពី ២១ប្រទេស នឹងមកជួបជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិ លើកទី១ស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ នៅទីក្រុងសៀមរាប អង្គរ ដើម្បីពិភាក្សាអំពីគំរូថ្មីៗ នៃភាពជាដៃគូ និងតួនាទី អភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រង ការពារ អភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌ ប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការអន្តរក្រសួង នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងទេសចរណ៍។
អង្គប្រជុំបានបញ្ជាក់ថា វេទិការនេះ នឹងដាក់ចេញវិធាន និងទិសដៅថ្មីៗ សម្រាប់ពិពិធកម្មផលិតផលទេសចរណ៍ និងការតម្រង់ទិស សម្រាប់ការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌវប្បធម៌ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ផ្សារភ្ជាប់ទៅនឹងទស្សនទាន នៃការកសាងភាពជាដៃគូសហប្រតិបត្តិការថ្មី នៃទេសចរណ៍ និងវប្បធម៌ ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការរួមសៀមរាប នៅក្នុងសន្និសីទពិភពលោកស្តីពី ទេសចរណ៍ និងវប្បធម៌ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥ នៅកម្ពុជា។
រដ្ឋមន្រ្តីដែលទទួលបានការស្ញើចសរសើរពីគ្រប់មជ្ឈដ្ឋានរូបនេះ បានគូសបញ្ជាក់ថា ទស្សនទាននៃកិច្ចប្រជុំនេះ ក៏នឹងឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើផែនការអនុវត្តសកម្មភាពការងារ សម្រាប់អនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីកិច្ចប្រជុំខ្សែក្រវ៉ាត់ និងផ្លូវនៅទីក្រុងប៉េកាំង ដោយផ្តោតសំខាន់លើការសិក្សា និងរៀបចំបង្កើតផែនការអភិវឌ្ឍទេសចរណ៍គ្រប់ជ្រុងជ្រោយមួយ សម្រាប់តំបន់សៀមរាប ផ្តោតលើបេតិកភណ្ឌវប្បធម៌ពិភពលោកអង្គរវត្ត។
គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី១ ក៏ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១៦ នៅទីក្រុង Tabriz សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ហើយដែលពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២នេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងសៀមរាប អង្គរ៕