(ភ្នំពេញ)៖ នៅព្រលឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមប្រតិបត្តិការចម្រុះមាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅ ស្ថិតនៅភូមិអូរអណ្តូង និងភូមិបឹងព្រលឹត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានពិនិត្យឃើញមានជនជាតិវៀតណាមចំនួន២៩នាក់ ស្រី០៥នាក់ ក្នុងនោះប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ចំនួន១៤នាក់ ស្រី០២នាក់។
បើតាមប្រធាននាយកដ្ឋានរូបនេះ ក្រោយត្រួតពិនិត្យបានបញ្ជូនជនជាតិវៀតណាមទាំង១៤នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងចាត់វិធានការតាមនីតិវិធី៕