(ភ្នំពេញ)៖ កម្មវិធីប្រគល់អំណោយជាថ្ងៃទី២ ត្រូវនឹងថ្ងៃបួសទី១១ ខែរ៉ម៉ាឌន បន្ទាប់ពីបញ្ចប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រួមជាមួយលោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានប្រគល់អំណោយជាបន្តទៀត ដល់សហគមន៍ខ្មែរឥស្លាមអ្នកសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ចំនួន១៥១គ្រួសារ សម្រាប់ដោះស្រាយទទួលទានក្នុងពិធីបួសរ៉ាម៉ាឌន។
ដោយឡែកថ្ងៃដដែលនេះ នៅឯខេត្តកំពង់ចាម លោក អូស្មាន ហាស្សាន់ ក៏ទើបតែបញ្ចប់ពិធីចែកអំណោយគ្រឿងឧបភោគបរិភោព ជូនដល់សហគមន៍ខ្មែរឥស្លាម នៅស្រុកកោះសូទិនចំនួន៤៥០គ្រួសារ និងផ្តល់អំណោយថវិកា ប្រព័ន្ធសូឡា សម្រាប់សហគមន៍ខ្មែរឥស្លាមចំនួន៤៩ភូមិ ក្នុងខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ហើយនៅព្រឹកថ្ងៃដដែល លោក ហ្សាការីយ៉ា អាដាម ក៏បានប្រគល់អំណោយគ្រឿតឧបភោគបរិភោព ជូនដល់សហគមន៍ខ្មែរឥស្លាមនៅខេត្តកំពង់ឆ្នាំង និងខដត្តបាត់ដំបង ដែលមានចំនួន៦០០គ្រួសារផងដែរ។
សម្រាប់អំណោយដែលឧបត្ថម្ភជូនពលរដ្ឋខ្មែរឥស្លាមនៅសង្កាត់ជ្រោយចង្វានាពេលនេះ ជាការឧបត្ថម្ភរបស់អង្គការ LIFE នៃប្រទេសបារាំង សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេះ ស្ករស២គីឡូក្រាម ប្រេងឆា២លីត្រ អូវ៉ាន់ទីន១ដប ទឹកដោះគោខាប់២កំប៉ុង ដែលចំណាយថវិកា២២លាន៨ម៉ឺនរៀល។
លោកប្រធានមូលនិធិ បញ្ជាក់ថា «តាមពិតអំណោយទាំងឡាយត្រូវតម្រូវឲ្យធ្វើការចែកជូនបងប្អូន ឲ្យទាន់ពេលវេលនានៃថ្ងៃផ្តើមបួសរ៉ម៉ាឌនមកម្លេះ ដើម្បីបំពេញសេចក្តីត្រូវការចាំបាច់ជាក់ស្តែង ប៉ុន្តែខ្ញុំមិនទាន់ចែកជូនបានទេ ព្រោះក្នុងយុទ្ធនាកាឃោសនាបោះឆ្នោត តាមច្បាប់មិនអនុញ្ញាតិឲ្យធ្វើការប្រគល់ជំនួយមនុស្សធម៌អ្វីឡើយ»។
លោក អូស្មាន ហាស្សាន់ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់សប្បុរសជនមុស្លិមនៅស្រុកបារាំង តាមរយៈអង្គការ LIFE ដែលបានជ្រោមជ្រែងឧបត្ថម្ភដល់សហគមន៍ អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ទាំងគម្រោងកញ្ចប់អាហារក្តី និងគម្រោងអណ្តូងទឹកស្អាតក្តី សង្ឃឹមថា អង្គការទាំង២ នឹងមានគម្រោងនានាផ្សេងទៀត ដើម្បីចូលរួមលើកស្ទួយជីវភាពអ្នកខ្វះខាតនៅក្នុងសហគមន៍។
ឆ្លៀតក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បាននាំនូវការអបអរសាទរ និងសាកសួរសុខទុក្ខសហគមន៍ខ្មែរឥស្លាម ក្នុងឱកាសពិធីបួសរ៉ម៉ាឌន ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលបញ្ញាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចក្រឡាហោម ស ខេង ក្នុងនោះដែរលោករដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី បាននាំនូវការផ្តាំផ្ញើពីសម្តេចតេជោ ហ៊ុន សែន ស្តីអំពីការជួបជុំអាហារសាមគ្គីរបស់សម្តេចទាំងទ្វេរ ជាមួយសហគមន៍ខ្មែរឥស្លាម និងមុស្លិមអន្តរជាតិ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នៅសាលមហោស្រពកោះពេជ្រ៕