(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការសោកស្តាយជាខ្លាំងចំពោះការទទួលមរណភាពរបស់លោក អ៉ិត សេដ្ឋា ពិធីករដ៏មានទឹកដម និងវោហាស័ព្ទ។ ជាមួយការសោកស្តាយសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជួយចិញ្ចឹមបីបាច់កូនៗ របស់លោក អ៉ិត សេដ្ឋា ដែលកំពុងរស់នៅកំព្រានោះផងដែរ។
នៅលើទំព័រ Facebook នៅយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់រំលឹកនូវទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយលោក អ៉ិត សេដ្ឋា ក្នុងរយៈពេល ២០ឆ្នាំកន្លងមក។
សម្តេចតេជោ បានគូសបញ្ជាក់ថាថា «ប្រមាណ២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្មួយជាមួយពូនិងមីងប្រៀបដូចឪពុក ម្តាយនិងកូន។ ពូនៅចាំបាននូវអ្វីៗ ដែលក្មួយបានរៀបរាប់តាមលិខិត តាមទូរសស័ព្វនិងការជួបក្មួយផ្ទាល់នៅផ្ទះពូនាឆ្នាំ២០១៥។ ពូនៅចាំបានសំណូមពរ ដែលក្មួយបានសុំមកពូ ដើម្បីកសាងសាលារៀនដែលក្មួយធ្លាប់រៀន ម្តាយក្មួយធ្លាប់បង្រៀន និងកសាងទីអារាមនៅភូមិកំណើតរបស់ក្មួយ»។
សម្តេចតេជោបន្តថា «ក្មួយប្រុស ពេលក្មួយកំពុងត្រូវការសង្គ្រោះ និងរហូតពេលក្មួយចែកឋានពូកំពុងស្ថិតក្នុងពេលវេលារវល់បំផុត គឺចំថ្ងៃបោះឆ្នោត។ តែទោះយ៉ាងណា មីងបានធ្វើទំនាក់ទំនងជាប្រចាំជាមួយ លោក ហ៊ុយ វណ្ណៈ ដើម្បីបានដឹងពីស្ថានភាពរបស់ក្មួយ»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបាត់បង់លោក អ៉ិត សេដ្ឋា ប្រៀបដូចជាការបាត់បង់កូនប្រុសម្នាក់ដែរ។ «លាគ្នាពីឋានខុសគ្នា ដោយទឹកភ្នែកណាកូនប្រុសពុក»។
សូមបញ្ជាក់ថា លោក អ៉ិត សេដ្ឋា បានទទួលមរណភាពកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ នាមន្ទីរពេទ្យរុស្ស៊ី ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយរោគាពាធ៕