(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទ ក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងបាននាំយកបច្ច័យ គ្រឿងឧបភោគ-បរិភោគ ទៅចូលរួមបុណ្យ ៧ថ្ងៃ សពលោកអនុសេនីយ៍ទោ សេង សុកែម អាយុ ៥៣ឆ្នាំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលវាលម្លូរ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០១៧ ដោយគេលួចធ្វើឃាតដោយអាករ ក្នុងពេលកំពុងបំពេញភារកិច្ចរក្សាសន្តិសុខ មុនថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៤។
ពិធីបុណ្យ បានធ្វើនៅគេហដ្ឋានសព ស្ថិតនៅភូមិវាលម្លូរ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សាច់ញាតិជាទីស្រឡាញ់ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ទោ សេង សុកែម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕