(សៀមរាប)៖ ក្រុមនិស្សិត នៃសាកលវិទ្យាចិនហុងកុង (The Chinese University of Hong Kong) ផ្នែកនរវិទ្យា (បុរាណវិទ្យា) ចំនួន១៤នាក់ បានចុះកម្មសិក្សា ស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរា ពិសេសគឺការសិក្សាពីកុលាលភាជន៍ (របស់របរប្រើប្រាស់ធ្វើអំពីដីកាលពីបុរាណ) ដែលអ្នកស្រាវជ្រាវ បានរកឃើញថា កុលាលភាជន៍របស់ប្រទេសចិន និងខ្មែរ មានភាពប្រហាក់ប្រហែលគ្នា។
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាគ្រូដឹកនាំកម្មសិក្សា បានឲ្យដឹងថា នេះជាគម្រោងកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាចិនហុងកុង ដែលបានបណ្តុះបណ្តាលនិស្សិតកម្ពុជា និងចិន អំពីកុលាលភាជន៍ខ្មែរ និងចិន នាសម័យអង្គរ។
ក្នុងបទបង្ហាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោកបណ្ឌិត អ៊ា ដារិទ្ធ បានធ្វើបទបង្ហាញអំពីតួនាទី របស់អាជ្ញាធរជាតិអប្សរា និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ។ បន្ថែមពីនេះ លោក ដារិទ្ធ ក៏បង្ហាញដល់ក្រុមនិស្សិតអំពីប្រវត្តិសាស្រ្តខ្មែរ និងចិន ដែលមានទំនាក់ទំនងគ្នា តាំងពីសម័យហ្វូណន ហើយដែលជនជាតិចិន បានកត់ត្រាឈ្មោះកម្ពុជាមុនគេ។
ទាក់ទងនឹងកុលាលភាជន៍ លោកបណ្ឌិត អ៊ា ដារិទ្ធ បានបង្ហាញទៅនិស្សិតចិន អំពីការវិវត្តកុលាលភាជន៍ខ្មែរ ២ដំណាក់កាលដាច់ពីគ្នា ដែលដំណាក់កាលទីមួយពីសតវត្សរ៍ទី៩ ដល់ទី១១ និងដំណាក់កាលទីពីរ ពីសតវត្សរ៍ទី១១ ដល់សតវត្សទី១វិញ។ ចំណែកខាងសាកលវិទ្យាល័យចិនហុងកុង បាននាំកុលាលភាជន៍បុរាណពីស្រុកចិន ដែលបានមកពីការធ្វើកំណាយ នៃឡដុតកុលាលភាជន៍ចំនួន១០ទីតាំងផ្សេងគ្នា មកបង្ហាញដល់និស្សិតខ្មែរ និងអ្នកស្រាវជ្រាវខ្មែរ ឲ្យបានយល់ដឹងពីកុលាលភាជន៍ពួកគេផងដែរ។
លោកបណ្តិត អ៊ា ដារិទ្ធ បានពន្យល់ថា «ទំនាក់ទំនងកុលាលភាជន៍របស់ចិន និងខ្មែរ ខ្លះមានរូបរាងស្រដៀងគ្នា ពិសេសដើមសម័យអង្គរ មានរូបសត្វ ហើយពណ៌ក៏ស្រដៀងគ្នា...តាមការស្មានប្រហែលប្រទេសទាំងពីរ មានឥទ្ធិពល ពីគ្នាទៅវិញទៅមក»។
លោក អ៊ា ដារិទ្ធ បានបញ្ជាក់ថា ដោយមើលឃើញពីដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតផ្នែកនរវិទ្យានៅពេលនេះថា ជាការផ្លាស់ប្តូរវប្បធម៌គ្នាយ៉ាងល្អ តាមរយៈការផលិតកុលាលភាជន៍ និងដើម្បីធ្វើការប្រៀបធៀបគ្នា។ ជាងនេះទៅទៀត កន្លងមក អ្នកស្រាវជ្រាវខ្មែរពិបាកក្នុងការសិក្សាស្រាវជ្រាវ កុលាលភាជន៍នៅប្រទេសចិន ហើយដែលត្រូវបានក្រុមនិស្សិតចិនយកមកជាមួយ ដែលធ្វើឲ្យអ្នកសិក្សាបានស្គាល់ច្បាស់ពីកុលាលភាជន៍ទាំងនេះ៕