(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង ០៥៖៣០នាទីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋចំនួន ៦៥គ្រួសារហើយ ដែលបានអញ្ជើញទៅបើកមូលបទានបត្រ (សែក) ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្ទាប់ពីពួកគេបានរើសម្ភារចេញពីលំនៅដ្ឋាន រួចរាល់នៅថ្ងៃនេះ។
សូមជម្រាបថា ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ «ស» ប្រមាណជា ៣០០គ្រួសារ នៅថ្ងៃនេះ បានចាប់ផ្តើមរើសម្ភារៈចេញពីលំនៅដ្ឋាន ដែលពួកគេបានរស់នៅជាច្រើនឆ្នាំនោះហើយ ជាមួយការនឹកស្រណោះអាឡោះអាល័យជាច្រើនដល់ស្នាមអនុស្សាវរីយ៍។
ការរើសម្ភារៈនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ ព្រមព្រៀងលក់អគាររបស់ពួកគេក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន និងបន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាទិញលក់រួចរាល់ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បន្ទាប់ពីរើចេញហើយនោះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នឹងធ្វើពិធីជប់លៀងពិសាអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏បានមូលមតិគ្នារៀបចំពិធីលាម្ចាស់ទឹកម្ចាស់ដី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។
សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅ ចំនួន ៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដីសហការជាមួយ ក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកា ប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕