(កំពង់ធំ)៖ ព្រោះតែតូចចិត្តគូស្នេហ៍មិនមកសែនព្រេនជាមួយ ស្រ្តីមេម៉ាយម្នាក់ មានកូនរហូតដល់ ៣នាក់នៅក្នុងបន្ទុក បានសម្រេចចិត្តចង «ក» សម្លាប់ខ្លួនបន្សល់ទុកឲ្យកូនរស់នៅកំព្រាគ្មានទីពឹងគួរឲ្យសង្វេគ។ ស្រ្តីមេម៉ាយរូបនេះ បានធ្វើចង «ក» ធ្វើអត្តឃាតនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧នេះ នៅភូមិរនាម ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
នគរបាលប៉ុស្តិ៍ឃុំទំរីង បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំថា ស្រ្តីរងគ្រោះឈ្មោះ គឹម អាង អាយុ ២៩ឆ្នាំ ។ ចំណែកបុរសជាគូស្នេហ៍ឈ្មោះ ញ៉ក់ គ្រី។
បើតាមសម្តីរបស់មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរងគ្រោះ និងលោក ញ៉ក់ គ្រី បានលួចលាក់ស្រឡាញ់គ្នាជាយូរមកហើយ ប៉ុន្តែបងប្អូនខាងស្រីមិនទាន់ដឹង។ ក្រោយពេលបងប្អូនដឹងរឿង ក៏បាននាំគ្នាស្តីបន្ទោសឲ្យថែមទៀត។ ដោយតូចចិត្តបងប្អូនស្តីបន្ទោសផងហើយហៅគូស្នេហ៍មកសែនព្រេនមិនព្រមមកទៀត ក៏ដាច់ចិត្តបញ្ចប់ជីវិតដោយចង «ក» តែម្តង។
ការសម្រេចចិត្តចង «ក» បញ្ចប់ជីវិតរបស់ស្រ្តីខាងលើ បានបន្សល់ទុកកូនតូចៗ ៣នាក់ ឲ្យរស់នៅតែលតោលគ្មានទីពឹងនោះឡើយ៕