(ភ្នំពេញ)៖ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ បានចេញមុខសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះអ្នកវិភាគស្ទើរភ្លើង មាស នី ដែលមិនបានយល់សោះអំពីការផ្សព្វផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ ដោយលោកបាន អះអាងថា សារព័ត៌មានមានសិទ្ធិពេញលេញក្នុងការផ្សាយលទ្ធផលបឋមក្រៅផ្លូវការនៃការបោះឆ្នោត។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដដែលរូបនោះ បានបន្តពន្យល់ថា ការផ្សព្វផ្សាយលទ្ធផលឆ្នោតមាន៣ដំណាក់កាល, ទី១៖ ការប្រកាសលទ្ធផលបឋម ទី២៖ ការប្រកាសលទ្ធផលបណ្តោះអាសន្ន និងទី៣៖ ការប្រកាសលទ្ធផលផ្លូវការ។ លោកបានបញ្ជាក់ថា មិនមែនមានតែនៅកម្ពុជានោះទេ សូម្បីនៅប្រទេសមហាអំណាច លើពិភពលោក ដូចជាបារាំង និងសហរដ្ឋអាមេរិក ដែលទើបបោះឆ្នោតថ្មីៗ ក៏គេផ្សាយលទ្ធផលភ្លាមបានផងដែរ។
«ដោយសារបច្ចេកវិទ្យានេះហើយ ទើបបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានព័ត៌មាន នៃលទ្ធផលឆ្នោតលឿនភ្លាមៗ។ ដូច្នេះអ្នកវិភាគមួយចំនួនគួរស្វែងយល់ពីសម័យ ទំនើបនៃបច្ចេកវិជ្ជាអនឡាយ ហើយជាការស្នើសុំ, សូមមេត្តាអ្នកវិភាគខ្លះគួរមករៀន វគ្គបណ្តុះបណ្តាលបន្ថែមផង ដើម្បីកុំឲ្យអត់យល់ដូច្នេះទៀត» នេះបើតាមសម្តី របស់លោក ហ៊ុយ វណ្ណៈ បញ្ជាក់បន្ថែមប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
ការចេញពន្យល់បំភ្លឺបែបនេះរបស់លោក ហ៊ុយ វណ្ណៈ ធ្វើឡើងបន្ទាប់ពីអ្នកវិភាគ មាស នី បានលើកឡើងនៅក្នុងកាសែត the Cambodia Daily ថា ប្រកាស លទ្ធផលនៃការបោះឆ្នោត គឺមានតែ គ.ជ.ប ប៉ុណ្ណោះ ហើយអ្នកណាដែលហ៊ានប្រកាសគឺល្មើសច្បាប់។ លោក ហ៊ុយ វណ្ណៈ បំភ្លឺថា នេះជាអំណះអំណាងខុស ដោយសារមិនយល់អំពីនីតិវិធី និងមិនបានរៀនសូត្រលើនីតិវិធីនៃការផ្សព្វផ្សាយនេះ។
កាលពីថ្ងៃអាទិត្យកន្លងទៅ លទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ ត្រូវបានគេហទំព័រ Fresh News ដែលទទួលបាន និងចេញផ្សាយភ្លាមៗ ហើយក្នុងនោះក៏មាន ប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតដូចជា កាសែតភ្នំពេញប៉ុស្តិ៍ចេញចំណងធំៗនៅលើទំព័រមុខរបស់ខ្លួន នាថ្ងៃទី០៥ ខែមិថុនា (CPP ឈ្នះ ១១៥៨ CNRP ៤៨៧)។ នៅថ្ងៃដដែលនោះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានប្រកាសពីការទទួលបានសំឡេងឆ្នោតលើចំនួនមេឃុំចៅសង្កាត់ជិត៥០០ផងដែរ នៅមុន គ.ជ.ប ប្រកាសផ្លូវការ។ ពិសេសជាងនោះទៅទៀត នៅពេលកំពុងរាប់សន្លឹកឆ្នោតតែម្តងមាន ស្ថានីយ៍វិទ្យុបរទេសចេញផ្សាយខេមភាសា ក៏បានធ្វើការផ្សាយផ្ទាល់ផងដែរ៕