(ភ្នំពេញ)៖ ប្រជាពលរដ្ឋ១៣គ្រួសារ តំណាងឲ្យ១៧៧គ្រួសារ ដែលរស់នៅលើដីសាធារណៈរបស់រដ្ឋ ជាយូរឆ្នាំមកហើយ ស្ថិតលើផ្លូវ១៨០០ ក្នុងតំបន់មិនរៀបរយ នៃសហគមន៍បឹងឈូក ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៧នេះ បាននាំគ្នាមកកាន់សាលាខណ្ឌឫស្សីកែវ ដើម្បីស្នើសុំឲ្យជួយពន្លឿនដល់ពួកគាត់ ក្នុងការកំណត់ទីតាំងចាក់ដី ហើយឆាប់បានចូលទៅរស់នៅ និងបានទាំងប័ណ្ណកម្មសិទ្ធិស្របច្បាប់ផងដែរ ក្រោយលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក អ៊ុក ខេមា ដែលជាបេក្ខភាពប្រធានក្រុមប្រឹក្សា សង្កាត់ទួលសង្កែទី២ បានទទួលសេចក្ដីសម្រេចពីសាលារាជធានីភ្នំពេញ តាមរយៈការស្នើសុំបន្តទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រកាសធ្វើប្រទានកម្មដីធ្លីជូនពួកគាត់ចំនួន១៧៧គ្រួសារ កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ។
ជាមួយគ្នានោះ ដើម្បីជាការឆ្លើយតបភ្លាមៗឲ្យទាន់សភាពការណ៍ លោក ជា ពិសី បានលើកឡើង នៅចំពោះមុខពលរដ្ឋទាំង១៣គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋ១៧៧គ្រួសារថា ដ៏រាបណាលោកនៅធ្វើជាអភិបាលខណ្ឌឫស្សីកែវ នោះបញ្ហារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រាកដជាត្រូវបានដោះស្រាយជាបណ្ដើៗ ដោយក្នុងអំឡុងរយះពេលខាងមុខនេះ បន្ទាប់ពីបេក្ខភាពប្រធានក្រុមប្រឹក្សាសង្កាត់ទួលសង្កែទី២ លោក អ៊ុក ខេមា បានធ្វើលិខិតស្នើសុំមួយ ក្នុងការជួយពន្លឿនផ្ដល់ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅតំបន់ខាងលើ តាមរយៈសាលាខណ្ឌឫស្សីកែវ និងបញ្ជូនបន្តទៅលោក ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងជម្រាបជូនទៅសម្ដេចតេជោ ហ៊ុន សែន ឲ្យអន្តរាគមន៍ជួយផ្ដល់ទីតាំងអភិវឌ្ឍន៍នៅនិងកន្លែង រួមទាំងចាក់ដីបំពេញនៅតំបន់នោះ ហើយធ្វើការវាស់វែងតាមក្បាលដីនិមួយៗ បូករួមទាំងធ្វើផ្លូវ និងដាក់ទាំងប្រព័ន្ធលូ ព្រមទាំងផ្ដល់ប័ណ្ណកម្មសិទ្ធិជូនថែមទៀតផង៕