មន្រ្តីនគរបាលខេត្តព្រះវិហារម្នាក់ កាប់សម្លាប់ក្មួយប្រុសបង្កើត ដោយសារទាស់ពាក្យសម្តីគ្នា, ជនដៃដល់ត្រូវបានចាប់ខ្លួនភ្លាមៗ
06-06-2017 17:37
(ព្រះវិហារ)៖ មន្ត្រីនគរបាលម្នាក់នៅខេត្តព្រះវិហារ បានកាប់សម្លាប់ក្មួយប្រុសបង្កើតរបស់ខ្លួន ដោយសារទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច ប៉ុន្តែជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗតែម្តង។
លោកឧត្តមសេនីយ៍ត្រី យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ជឹង សាម៉ុន អាយុ៤៤ឆ្នាំ មុខរបរជាមន្ត្រីនគរបាលនៅការិយាល័យសន្តិសុខផ្ទៃក្នុង ពាក់ស័ក្កិ៣។ ចំណែកជនរងគ្រោះមានឈ្មោះ យុត អូន អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិស្រឡៅទូង ឃុំពោធិ ស្រុកត្បែងមានជយ័ ខេត្តព្រវិហារ។
លោកឧត្តមសេនីយ៍ត្រី យិន ចំណាន បានរៀបរាប់ពីដំណើររឿងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជូនគេទៅជួលដីស្រែ លុះមកដល់កន្លែង កើតហេតុត្រង់ចំណុចស្រែផ្អាវ ជនសង្ស័យឃើញក៏ស្រែកសួរថា ហ្អែងទៅណា? ពេលនោះជនរងគ្រោះឆ្លើយតបវិញថា អញទៅជួលដីស្រែឲ្យគេ ស្រាប់តែពេលនោះ ជនសង្ស័យឆ្លើយថា ហ្អែងឈ្លើយម្ល៉េះ ឆ្លើយសុទ្ធតែពាក្យអញ។ ជនរងគ្រោះតបថា បើអញឆ្លើយចឹង ចង់ធ្វើអីអញ ហើយច្រត់ចង្កេះយ៉ាងឡូយ ធ្វើឲ្យជនសង្ស័យទ្រាំមិនបាន ក៏ទាញកាំបិតខ្វែវ នៅក្នុងរោងកាប់ទៅលើជនរងគ្រោះ មួយកាំបិតចំស្មាបណ្តាលឲ្យដួលស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម។
លោកស្នងការបានបញ្ជាក់ថា នៅសល់យតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ត្រូវបញ្ជូនទៅរៀនបន្តនៅប្រទេសវៀតណាម ពិតគួរឲ្យសោកស្តាយណាស់ដែលប្រព្រឹត្តបទល្មើសមនុស្សឃាតបែបនេះទៅវិញ។ ក្រោយពីបង្កបទល្មើស ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕