(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរជេស៊ី (JC International Airlines) បានពង្រីកវិសាលភាពហោះហើររបស់ខ្លួន ដោយហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។
ក្នុងឱកាសបើកការហោះហើរទៅកាន់ទីក្រុងបាកកជាលើកដំបូង នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ជាវ គីរីរម្យ ប្រធានផ្នែកផលិតកម្មរបស់ក្រុមហ៊ុនអាកាសចរជេស៊ី អ៊ែឡាញ បានលើកឡើងថា «ថ្ងៃនេះគឺជាថ្ងៃដំបូង ដែលអាកាសចរណ៍ JC Airlines របស់យើងបានដំណើរការហោះហើរទៅទីក្រុងបាងកក។ មកដល់ពេលនេះក្រុមហ៊ុន JC Airlines យើងកំពុងតែធ្វើប្រតិបត្តិការហោះហើរទៅកាន់ទីក្រុងបាងកក ដែលអាចស្រូបយកទីផ្សារទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងបាងកកនេះ ដោយសារតែក្រុមហ៊ុនយើងមានយន្ដហោះទំនើបច្រើន ហើយតម្លៃសំបុត្រមានតម្លៃសមរម្យជូនអតិថិជន»។
ដោយសារមានការគាំទ្រច្រើនពីប្រជាពលរដ្ឋ ក្រុមហ៊ុន JC Airlines កំពុងមានគម្រោងហោះហើរត្រង់ទៅកាន់ប្រទេសជប៉ុន និងទៅកាន់ប្រទេសអ៊ឺរ៉ុបមួយចំនួនទៀតផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ជាវ គីរីរម្យ។
លោកបន្តទាំងមានជំនឿទុកចិត្តថា «អតិថិជនមានជំនឿទុកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុន JC Airlines ដែលបានហោះហើរនៅក្នុងស្រុកកន្លងមក ទើបក្រុមហ៊ុនបង្កើតទីផ្សារហោះហើរពីកម្ពុជាទៅទីក្រុងបាងកក»។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរ JC Airlines បានហោះហើរនៅក្នុងស្រុក រួមាន៖ ទី១៖ ភ្នំពេញ-សៀមរាប, ទី២៖ ភ្នំពេញ-ព្រះសីហុន និងទី៣៖ សៀបរាម-ព្រះសីហុន។
លោក កុយ សំណាង អ្នកគ្រប់គ្រងស្ថានីយហោះហើរ JC Airlines ប្រចាំទីក្រុងភ្នំពេញ បានលើកឡើងថា ការចាប់ផ្តើមហោះហើរលើកដំបូងពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងបាងកកនេះ មានអតិថិជន ដែលបានកក់សំបុត្រ ១៤០នាក់។
សូមរម្លឹកថា ក្រុមហ៊ុន ជេស៊ី អ៊ែរឡាញ បាននាំចូលយន្តហោះប្រភេទ Airbus A320 ចំនួន ២គ្រឿងយ៉ាងថ្មីសន្លាង ដែលនាំចូលពីប្រទេសអាល្លឺម៉ង់ ហើយយន្តហោះនោះបានមកដល់ទឹកដីកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅនេះ៕