(ត្បូងឃ្មុំ)៖ មិនខុសពីខេត្តកំពង់ចាម និងខេត្តកណ្ដាលដែលការបោះឆ្នោតឆ្នាំ២០១៧នេះ គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងយ៉ាងខ្លាំង លើសគណបក្សសង្គ្រោះជាតិរាប់ម៉ឺនសម្លេង។

សម្រាប់ខេត្តត្បូងឃ្មុំ ដែលបំបែកចេញពីខេត្តកំពង់ចាម និងជាមួលដ្ឋានឈរជើងរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជានោះ បានទទួលសម្លេងឆ្នោតជាង១៨ម៉ឺនសម្លេង កើនលើសគណបក្សសង្គ្រោះជាតិជាង៤ម៉ឺនសម្លេង ពោលគណបក្សសង្គ្រោះជាតិ ទទួលត្រឹមតែជាង១៤ម៉ឺនសម្លេងប៉ុណ្ណោះ។

យោងតាមលទ្ធផលបឋមក្រៅផ្លូវការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា សម្រាប់ការបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅខេត្តត្បូងឃ្មុំ ដែលមាន៦ស្រុក និងក្រុង១ គឺមានចំនួនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៣៩៩,០៦៨នាក់ ប៉ុន្ដែប្រជាពលរដ្ឋដែលបានទៅបោះឆ្នោតមានចំនួន ៣៤៩,៨៤៦នាក់។ លទ្ធផលដដែលនេះ បានបង្ហាញទៀតថា ក្នុងចំណោម ឃុំ-សង្កាត់ ទាំង៦៤ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែងជាមេឃុំចៅសង្កាត់​ រហូតដល់៤៦ឃុំ-សង្កាត់ រីឯគណបក្សសង្គ្រោះជាតិវិញ ទទួលបានដំណែងជាមេឃុំចៅសង្កាត់ត្រឹម១៨ប៉ុណ្ណោះ។

សម្រាប់សម្លេងគាំទ្រវិញ គណបក្សប្រជាជនកម្ពុជា ទទួលបានរហូតទៅដល់១៨៨,៧៧៤សម្លេង រី​ឯគណបក្សសង្គ្រោះជាតិ​ទទួលបានត្រឹមតែ ១៤៥,៤៦៨ សម្លេង ដូច្នេះគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងលើសគណបក្សសង្គ្រោះជាតិ រហូតដល់៤៣,៣០៦សម្លេង។ លទ្ធផលបឋមក្រៅផ្លូវការ ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ស្រុកពញាក្រែក ដែលជាស្រុកកំណើតរបស់សម្ដេច ហេង សំរិន ផ្ទាល់នោះ​ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានដំណែង ជាមេឃុំទាំង៨ឃុំតែម្ដង ដោយគ្មានបានទៅលើកគណបក្សសង្គ្រោះជាតិនោះទេ។

យ៉ាងណាក៏ដោយ សម្រាប់ខេត្តត្បូងឃ្មុំ គណបក្សទាំង២ មានការថយសម្លេងគាំទ្រដូចគ្នា៖

* គណបក្សប្រជាជនកម្ពុជា ថយត្រឹមជាង៩ពាន់សម្លេងប៉ុណ្ណោះ រីឯគណបក្សសង្គ្រោះជាតិ ថយរហូតដល់ជិត១,៦ម៉ឺនសម្លេង បើប្រៀបធៀបការបោះឆ្នោត កាលពីឆ្នាំ២០១៣​កន្លងទៅ។ កាលពីថ្ងៃបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១៩៨,៥០០សម្លេង តែការបោះឆ្នោតលើកនេះ ទទួលបានសម្លេង១៨៨,៧៧៤សម្លេង ដូច្នេះថយអស់៩,៧២៤សម្លេង

* គណបក្សសង្គ្រោះជាតិ កាលពីបោះឆ្នោតឆ្នាំ២០១៣ ទទួលបាន ១៦១,៤៥៧សម្លេង ប៉ុន្ដែការបោះឆ្នោតលើកនេះទទួលបានត្រឹម ១៤៥,៤៦៨សម្លេង ដូច្នេះមានការថយចុះសម្លេងគាំទ្ររហូតដល់១៥,៩៨៩សម្លេង។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរ មានការទទួល ស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ ជាតិ និងអន្ដរជាតិនោះ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៧,០៤០,៥៩៤នាក់ ស្នើនឹង៨៩.៥២ភាគរយ ក្នុងចំណោមប្រជាជន ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៧,៥៦៥,០៣៣នាក់ បានអញ្ជើញ ទៅបោះឆ្នោត៕