(ញូដេលី)៖ មនុស្សយ៉ាងតិច ១០នាក់ បន្ថែមទៀតបានស្លាប់ ដោយសារអាកាសធាតុក្តៅខ្លាំងពេក នៅតាមតំបន់ជាច្រើននៃរដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌាក្នុងអំឡុងពេល២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យចំនួនសរុបនៃអ្នកស្លាប់ ដោយរលកកម្តៅក្នុងឆ្នាំ២០១៧នេះ កើនឡើងដល់ ៥០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមិថុនា ឆ្នាំ២០១៧។
អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ចំនួនអ្នកជំងឺជាមួយអាការៈគ្រុនក្តៅ រាគរូស ក្អួតចង្អោ និងក្តៅល្ហិតល្ហៃ បាននិងកំពុងកើនឡើងនៅតាមមន្ទីរពេទ្យទូទាំងរដ្ឋ Uttar Pradesh ខណៈតំបន់ Bundelkhand មានមនុស្សស្លាប់ចំនួនបួននាក់នោះ បានទទួលរងការកើនឡើងកម្តៅដ៏អាក្រក់ជាងគេ គឺមានសីតុណ្ហភាពជាមធ្យមដល់ទៅ ៤៧អង្សាសេ នៅតាមសង្កាត់ជាច្រើន ខណៈក្មេងៗចំនួន០៦នាក់ទៀតបានបាត់បង់ជីវិតនៅក្នុងតំបន់ Avadh ដោយសារតែអាកាសធាតុក្តៅខ្លាំង។
រីឯសង្កាត់ Banda និងទីក្រុង Mahoba កំពុងតែបន្តទៅស្ថិតក្រោមការកើនឡើងកម្តៅ ដែលពុំធ្លាប់ជួបប្រទះពីមុនមកឡើយ ហើយស៊ីតុណ្ហភាពកំពុងស្ថិតនៅ ៤៦អង្សាសេ នៅក្នុងទីក្រុង Etawah, Mainpuri, Unnao, Kanpur, Lucknow, Hardoi, Auraiyya, និងសង្កាត់ Fatehpur ខណៈបណ្តាសង្កាត់មួយចំនួនផ្សេងទៀត នៅភាគខាងលិចរដ្ឋ Uttar Pradesh នៅតែបន្តក្តៅហួតហែងដដែល ជាមួយស៊ីតុណ្ហភាពអតិបរមា ៤២អង្សាសេ។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៧នេះ មនុស្ស៤០នាក់បានស្លាប់នៅក្នុងរដ្ឋ Telangana ភាគខាងត្បូងប្រទេស បន្ទាប់ពីប្រជាជនឥណ្ឌាចំនួនជិត ៥០០នាក់ បានបាត់បង់ជីវិតដោយសារតែការកើនឡើងកម្តៅដល់ទៅ ៥១អង្សាសេកាលពីឆ្នាំ២០១៦ និងមនុស្សមិនតិចជាង ២,៥០០នាក់នោះឡើយបានស្លាប់កាលពីរដូវក្តៅក្នុងឆ្នាំ២០១៥៕