(ភ្នំពេញ)៖ ចោរជើងចាស់ពីរនាក់ បានធ្វើសកម្មភាពចូលទៅលួច និងកាច់សោម៉ូតូ១គ្រឿង របស់មន្ត្រីយោធាម្នាក់ បានសម្រេចតែត្រូវ បានម្ចាស់ឃើញទាន់ សហកាជាមួយប្រជាពលរដ្ឋចាប់បានម្នាក់ វាយបាក់ដៃម្ខាង ឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោលករណីនេះ បង្កឲ្យមានការភ្ញាក់ផ្ញើលនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទីន ធី អាយុ៦១ឆ្នាំ មុខរបរលួចម៉ូតូ និងស្នាក់នៅមិនពិតប្រាកដមានស្រុក កំណើតនៅខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះ ឈ្មោះ ធាន វាសនា អាយុ២៥ឆ្នាំមុខរបរយោធា ស្នាក់នៅកន្លែងកើតហេតុមានស្រុក កំណើតនៅ ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងម៉ូតូជនរងគ្រោះម៉ាក HONDA DREAM កម្លាំង C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
1FT.9293 ស៊េរីឆ្នាំ២០១៦។
តាមមន្ត្រីនគរបាលដដែល បានថ្លែងថា មុនពេលកើតហេតុជនរងគ្រោះបានអង្គុយលេងនៅក្នុងផ្ទះ ដោយទុកម៉ូតូនៅពីមុខផ្ទះស្រាប់តែមាន ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងបានមកឈប់នៅពីមុខផ្ទះជនរងគ្រោះ ខណៈនោះជនសង្ស័យម្នាក់ក្នុងចំណោមជនទាំងពីរនាក់ ខាងលើ
ចុះពីលើម៉ូតូមកធ្វើកម្មភាពកាច់សោតម៉ូតូ របស់ខ្លួនបានសម្រេចហើយរួចអូសចេញមកបានចំងាយប្រហែលជា២០ទៅ៣០ម៉ែត្រ ពេលនោះជនរងគ្រោះក្រឡេកមើលឃើញទាន់ ក៏ស្ទុះរត់ទៅចាប់កន្ទុយម៉ូតូជាប់ត្រូវជនសង្ស័យបន្ថែមល្បឿនជិះអូសជនរងគ្រោះទៅ
នឹងថ្នល់បណ្តាលឲ្យរងរបួសយ៉ាងដំណំ ជនរងគ្រោះបានស្រែថាចោរៗ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ ចេញមកជួយចាប់បានជនសង្ស័យបានម្នាក់ រួចវាយម្នាក់មួយដៃម្នាក់មួយជើងបណ្តាលឲ្យបាក់ដៃម្ខាង រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅ បញ្ជាក់ថា អ្វីដែលហួសចិត្ត និងនាំគ្នាភ្ញាក់ផ្អើលចង់ដាច់ផ្ងារពេលឃើញជនសង្ស័យដែលជាមុខសញ្ញា ចាស់កាច់ ក ម៉ូតូ ដែលខ្លួនទើបចាប់បានកាលពីប៉ុន្មានខែមុន ត្រូវបានតុលាដោះលែងហើយមកលួចម៉ូតូនៅក្នុងមូលដ្ឋានរបស់ខ្លួនទៀត។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យកាច់ ក ម៉ូតូខាងត្រូវបានបញ្ជូនទៅតុលាការដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕