(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរជើងគោករាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍២ករណី ចំនួន២នាក់ ទៅតុលាការ ក្រោយពីបានបើករថយន្តបុកគេ ហើយព្យាយាមរត់គេចខ្លួន កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
លោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ករណីទី១ កើតឡើងនៅត្រង់ចំណុចមុខវត្តអរុណវតី្ត លើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រវាងរថយន្តម៉ាក HONDA CRV ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2F-8052 បានធ្វើដំណើរតាមផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត ចូលរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកចូលចំណែកផ្លូវ នៃយានម្ខាងទៀត១.៤០ម៉ែត្រ បុកម៉ូតូមួយគ្រឿង ដែលធ្វើដំណើរច្រាសទិសគ្នាម៉ាក ZOOMER.X ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1GG-0499។
ក្រោយពេលកើតហេតុ រថយន្តបានបើករត់រហូតដល់មុខសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ទើបសមត្ថកិច្ចឃាត់ជាប់។ បណ្តាលឲ្យស្លាប់០១នាក់, មូលហេតុរថយន្ត បើកមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន។ វត្ថុតាង និងអ្នកបើករថយន្ត យកទៅរក្សាទុក និងឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍។
ករណីទី២កើតឡើង នៅត្រង់ចំណុចមុខបង្គោលគីឡូម៉ែត្រលេខ១៧ លើផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រវាងរថយន្តម៉ាក SANGYONG ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2AA-9110 បានធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីទិសខាងកើតមកលិច ចេញពីភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូមួយគ្រឿង ដែលធ្វើដំណើរស្របទិស គ្នាម៉ាក ZOOMER.X ពណ៌ក្រហម-ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FP-9363។
ក្រោយពេលកើតហេតុ រថយន្តបើករត់រហូតដល់មុខសាលាស្រុកអង្គស្នួល ខេត្តកណ្តាល ទើបសមត្ថកិច្ចឃាត់ជាប់។ បណ្តាលឲ្យស្លាប់០១នាក់ រងរបួសស្រាល០១នាក់ អ្នកបើករថយន្ត បើកស្ថិតក្នុងស្ថានភាព ស្រវឹងមានអាត្រាជាតិអាល់កុល 0.87Mg/L។ វត្ថុតាង និង អ្នកបើករថយន្ត យកទៅរក្សាទុក និងឃាត់ខ្លួន បណ្តោះអាសន្ននៅការិយាល័យចរាចរណ៍៕