(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ចែកគ្រឿងទេសជូនដល់ សហគមន៍ខ្មែឥស្លាមមកពីសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ដែលសរុប៣៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូក្រាម ម៉្សៅមី៥គីឡូ ស្ករស២គីឡូ សណ្តែកខៀវ៥គីឡូ ប្រេងឆា ៥លីត្រ។
អំណោយនេះជាជំនួយមកពីអង្គការតួរគីឌីយ៉ាណេត (Turkish Diyanet) សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលក្រៅពីសង្កាត់ទាំងពីរ ក្នុងខណ្ឌឫស្សីកែវ អំណោយប្រភេទដដែលនឹងត្រូវបន្តទៅឧបត្ថម្ភជូនសហគមន៍អ្នកខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង សរុប៦០០គ្រួសារបន្ថែមទៀត។
ពិធីនេះនឹងត្រូវបានរៀបចំដឹកនាំដោយលោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួងអប់រំ និងជាប្រធានគម្រោងមូលនិធិ ដែលមានវត្តមានតំណាងអង្គការដៃគូ មកពីប្រទរសទួរគីពីររូប ព្រមទាំងមានវត្តមាន លោក ហ្សាការីយ៉ា អាដាម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។
ថ្លែងក្នុងពិធី ដែលធ្វើនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ ក៏បានជូនពរអ្នកកាន់សាសនាឥស្លាម ក្នុងបុណ្យរ៉ម៉ាឌនឲ្យបានទទួលនូវផលកុសល្យល្អ និងបានបន្តរស់នៅក្រោមម្លប់សន្តិភាព និងកក់ក្តៅ ក្រោមការផ្តល់ជូនរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក អូស្មាន ហាស្សាន់ ក៏បានបានថ្លែងអំណរគុណ ដល់បងប្អូនសាសនិកឥស្លាមដែលតែងតែបានតបស្នងសងគុណ និងដឹងគុណជានិច្ចជូនចំពោះ ប្រមុខរាជរដ្ឋាភិបាល ហើយជាអ្នកដែលគាំទ្រជានិច្ចនូវគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ បន្ថែមពីនេះ លោក ក៏បានថ្លែងកោតសរសើរ និងអគុណដល់រដ្ឋាភិបាលទួរគី ដែលតែងតែយកចិត្តទុកដាក់ និងចូលរួមក្នុងវិស័យមនុស្សធម៌នៅកម្ពុជា៕