(កំពង់ចាម)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងលោកស្រី នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ បន្ដចែកអំណោយជូនប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងឱកាសពិធីបួស រ៉ម៉ាឌន ដែលមកពី៤៩ភូមិ ក្នុងខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលធ្វើនៅភូមិទី១៣លើ ស្រុកកោះសូទិន។
អំណោយដែលចែកជូននាពេលនេះរួមមាន ប្រព័ន្ធសូឡា សម្រាប់បំពាក់វិហារឥស្លាមចំនួន៩ភូមិ ក្នុងនោះ៣ភូមិ នៅខេត្តក្រចេះ ៣ភូមិនៅខេត្តត្បូងឃ្មុំ និង៣ភូមិទៀត នៅខេត្តកំពង់ចាម។ ដោយឡែកប្រព័ន្ធឃោសនស័ព្ទ ចែកជូនវិហារឥស្លាម៤៩ភូមិ នៃខេត្តទាំង៣ខាងលើ ព្រមទាំងកញ្ចប់អាហារគ្រឿងទេស ជូនអ្នកភូមិទី១៣លើ ទទួលទាននៅពេលឱកាសបុណ្យបួសរ៉ាម៉ាឌន ចំនួន៤៥០គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម ស្ករស២គីឡូក្រាម ទឹកដោះគោ២កំប៉ុង ទឹកសេរ៉ូ១ដប តែ២កញ្ចប់ សាគូ១គីឡូក្រាម និងឧបត្ថម្ភជាថវិកាស្រាយបួស រៀងរាល់ល្ងាចរយៈពេលមួយខែរ៉ាម៉ាឌន។
លោករដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្នុងឱកាសពិធីបួសរ៉ម៉ាឌន សូមបងប្អូនបានប្រកបទៅដោយ ភាពសម្បូរសប្បាយ និងមានឱកាសដើម្បីបានសាងនូវអំពើកុសល្យផលបុណ្យឲ្យកាន់តែច្រើន ជាពិសេសក្នុងពិធីបួសរ៉ម៉ាឌន សហគមន៍មុស្លិម ត្រូវបួសទាំងការតមអាហារ និងទឹករយៈពេលប្រមាណ១៤ម៉ោងរៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែ ហើយក្នុងនោះ ក៏ត្រូវបន្ថែមការកសាងទង្វើល្អកាន់តែច្រើន ជាមួយក្រុមគ្រួសារ សាច់ញាតិ អ្នកជិតខាង និងអ្នកក្នុងសហគមន៍ តែមួយ ជាពិសេសត្រូវធ្វើជាបុគ្គលល្អ និងមានន័យសម្រាប់សង្គមជាតិទាំងមូល ត្រូវចូលរួមរាល់សកម្មភាពនានា ក្នុងសហគមន៍ លះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីបម្រើការងារនានាសម្រាប់សហគមន៍។
លោក អូស្មាន ហាស្សាន់ ក៏បានរំលឹកពីភាពជឿនលឿន និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលធ្វើប្រជាពលរដ្ឋបានរួមរស់សម្បូរសប្បាយ សន្តិភាព សេរីភាព និងគ្មានការរើសអើង។
លោកបានរំលឹកពី គុណបំណាច់សមស្របបំផុត ដែលប្រជាពលរដ្ឋកម្ពុជា ព្រមទាំងសាសនិកឥស្លាមផងដែរ ត្រូវបន្តគាំទ្រ និងគុណជានិច្ច ជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានខំប្រឹងកាសងប្រទេសជាតិពីបាតដៃទទេ មកទទួលបាននូវអ្វីគ្រប់បែបយ៉ាង ជាពិសេស សហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាល បានផ្តល់សាមិទ្ធផលនានា មិនអាចកាត់ថ្លៃបាន ថែមទាំងបានផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងក្លាជាទីបំផុត ជាគំរូសម្រាប្រទេសក្នុងតំបន់ និងឆាកអន្តរជាតិគួរយកតម្រាប់តាម៕