(មណ្ឌលគិរី)៖ ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចល័ត (ម៉ាស៊ីនឈៀករថយន្តចល័ត) បានដាក់ឲ្យដំណើរការផ្លូវការហើយ នៅខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ តទៅ។ ជាមួយគ្នានេះប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ម៉ៅ ធនារ័ក្ស បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងមន្រ្តីរាជការទូទាំងខេត្ត ដែលប្រើប្រាស់រថយន្តគ្រប់ប្រភេទ សូមយករថយន្តទៅត្រួតពិនិត្យ ឲ្យបានគ្រប់គ្នាៗ។
ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងមន្រ្តីរាជការ នៃខេត្តភាគឦសានមួយនេះ បានសម្តែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានជំរុញឱ្យមាន ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចល័ត បានមកដល់ខេត្ត ដើម្បីបម្រើសេវាកម្មជូនប្រជាពលរដ្ឋ ដល់មូលដ្ឋានផ្ទាល់តែម្តង ដោយមិនបាច់ពួកគាត់ ធ្វើដំណើរទៅរកសេវា មួយនេះ នៅរាជធានី-ខេត្តផ្សេងៗឡើយ ប្រយោជន៍ក្នុងកាត់បន្ថយការចំណាយថវិកា និងពេលវេលា។
លោកបានប្រធានមន្រ្តី បានអំពាវនាវយករថយន្តរបស់ខ្លួន ទៅឈៀកនៅទីតាំងក្នុងក្រុងសែនមនោរម្យ ក្បែររង្វង់មូលគោព្រៃពីរ ខេត្តមណ្ឌលគិរី ព្រោះរយៈពេលនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ មានរយៈពេលតែ៤ថ្ងៃ ទៅ៧ថ្ងៃ ចាប់ដំណើរការពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ តទៅ សម្រាប់សេវាកម្មតម្លៃ នៃការត្រួតពិនិត្យ គឺក្រុមការងារបានបិទតារាងបង្ហាញជូនសាធារណជន នៅទីនេះស្រាប់៕