(ភ្នំពេញ)៖ ព្រឹកមិញបើកកាសែតមួយនោះអាន ស្រាប់តែឃើញបណ្ឌិតជាអ្នកវិភាគពុលទឹកមាត់ វិភាគដូរកាហ្វេខ្មៅនៅតាមតៀម មាស នី បញ្ចេញវោហាថា ព័ត៌មានរបស់ Fresh News ខ្លះត្រូវបានបំភ្លើសការពិត ហើយលោកលើកឡើងថា ច្បាប់បោះឆ្នោតចែងថា មានតែ គ.ជ.ប ប៉ុណ្ណោះដែលអាចប្រកាស លទ្ធផលផ្លូវការនៃការបោះឆ្នោត, ហើយអ្នកណាដែលហ៊ានប្រកាសមានន័យថា ល្មើសច្បាប់។
ការបញ្ចេញមតិរបស់បណ្ឌិត អ្នកវិភាគនយោបាយដូរកាហ្វេខ្មៅ នៅតាមតៀមខាងលើ គឺជាការឆ្លើយតបទៅ នឹងអ្នកកាសែតដែលមានចរិតឈ្នានីសដែលគេ សង្ស័យថា បង្កើតសំនួរនាំមុខ «តើការផ្សាយពីលទ្ធផលបោះឆ្នោតដោយគេហទំព័រ Fresh News មានភាពមិនប្រក្រតី និងប៉ះពាល់ដល់ គ.ជ.ប ឬអត់?» នៅពេលដែលគេដឹងថា លទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការ កាលពីថ្ងៃអាទិត្យកន្លងទៅ មិនមែនមានតែគេហទំព័រ Fresh News មួយទេ ដែលទទួលបាន និងចេញផ្សាយ ក្នុងនោះក៏មានប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតដូចជា កាសែតភ្នំពេញប៉ុស្តិ៍ចេញចំណងធំៗនៅលើទំព័រមុខរបស់ខ្លួន នាថ្ងៃទី០៥ ខែមិថុនា (CPP ឈ្នះ ១១៥៨ CNRP ៤៨៧) នៅថ្ងៃដដែលនោះលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសពីចំនួនមេឃុំចៅសង្កាត់ជិត៥០០ផងដែរ នៅមុនគ.ជ.បប្រកាសផ្លូវការ។ ពិសេសជាងនោះទៅទៀត នៅពេលកំពុងរាប់សន្លឹកឆ្នោតតែម្តងមាន ស្ថានីយ៍វិទ្យុបរទេសចេញផ្សាយខេមភាសា ក៏បានធ្វើការផ្សាយផ្ទាល់ផងដែរ។
តាមពិតក្នុងនាមជាបណ្ឌិត មុននឹងខ្ជាក់សំដីចេញមក គួរតែគ្រលាស់អណ្ដាតខ្លួនឯងឲ្យបាន១០០ជុំ ឬយកម្រាមដៃទល់ថ្ងាស់គិតឲ្យបានកន្លះម៉ោងសិន ចាំនិយាយចេញមកដើម្បីឲ្យប្រាកដថា សំដីរបស់ខ្លួនត្រឹមត្រូវឬអត់? តើមានប៉ះពាល់ទៅដល់អ្នកដ៏ទៃឬអត់?
កុំអាងខ្លួនជាបណ្ឌិតដើរតែដាក់គូទនិយាយ ហើយចាត់ទុកសំដីខ្លួនឯងជាសំដីមាស សំដីប្រាក់ ឲ្យសោះនោះ ចូរកុំភ្លេចថា សំដីរបស់បណ្ឌិតពេលខ្លះនិយាយចេញមកក៏អាចក្លាយជាលាមកប្រឡាក់ខ្លួនឯងវិញក៏មានដែរ។ បើធ្វើជាបណ្ឌិតហើយ បែរជាសំដីចេញមកជាលាមកដដែល គួរតែទៅបួសគង់នៅវត្តរៀនសូត្រ ធម៌វិញវាល្អជាង។
តាមពិតនាយខ្វែកតោងយល់ថា ដើមឈើលូតកាន់តែខ្ពស់ តែងតែរងនូវសម្ពាធខ្យល់បោកបក់កាន់តែខ្លាំងអញ្ចឹងហើយ តែបើមិនតបតខ្លះ អាចនាំឲ្យមានការ យល់ច្រឡំដោយសារតែសំដីអាចម៍របស់បណ្ឌិតក៏អាចថាបាន៕