(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ «ស» បានចាប់ផ្តើមរើសម្ភារៈចេញពីលំនៅដ្ឋាន ដែលពួកគេបានរស់នៅ ជាច្រើនឆ្នាំនោះហើយ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ជាមួយការនឹកស្រណោះអាឡោះអាល័យ ដល់អនុស្សាវរីយ៍ជាច្រើន។

ការរើសម្ភារៈនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានព្រមព្រៀងលក់អគាររបស់ពួកគេក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន និងបន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យាទិញ លក់រួចរាល់ជាមួយក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

បើតាមមន្រ្តីក្រសួងរៀបចំដែនដី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារ បានចាប់ផ្ដើមរុះរើសម្ភារៈ។ នៅពេលរុះរើអស់ហើយ ពលរដ្ឋអាចទៅយកមូលបទានបត្រ (សែក) នៅក្រសួងផ្ទាល់ ហើយអាចទៅបើក នៅធនាគារចំនួន៧ ដែលក្រសួងបានដាក់ប្រាក់នៅទីនោះរួចជាស្រេច។

មន្រ្តីដដែលបានបន្តថា ក្រៅពីទទួលបានសែកប្រាក់ទៅតាមទំហំលំនៅដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋក៏នឹងទទួលបានថវិកា ១០០ដុល្លារអាមេរិកថែមទៀត ដែលផ្ដល់ដោយក្រុមហ៊ុន Arakawa ព្រមជាមួយអំណោយរបស់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា មួយចំនួនទៀត ដូចជា សារ៉ុង ក្រមាជាដើម។

បន្ទាប់ពីរើចេញហើយនោះ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា នឹងធ្វើពិធីជប់លៀងពិសាអាហារសាមគ្គី ជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏បានមូលមតិគ្នារៀបចំពិធីលាម្ចាស់ទឹកម្ចាស់ដី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរផងដែរ។

សូមជម្រាបថា អគារប៊ូឌីញ «ស» បានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅ ចំនួន ៤៩៣គ្រួសារ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដីសហការជាមួយ ក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់ ២១ជាន់ ដែលគ្រោងនឹងចំណាយថវិកា ប្រមាណ ៧០-៨០លានដុល្លារអាមេរិក៕