(ភ្នំពេញ)៖ អាប៉ោងមិនបើកគ្រប លទ្ធផលមិនទាន់ប្រកាសផ្លូវការផង គណបក្សកាន់អំណាច និងបក្សខ្ញុំប្រកាសពីជ័យជម្នះរៀងៗខ្លួន។ អាសម នៅមិនសុខត្បិត ស្ដាយឱកាសដ៏កម្របែបនេះ។ យើងកំពុងមានប្រៀបឈ្នះ បែរជាត្រូវរលាយសាបសូន្យដោយសារការបែងចែកពួកក្នុងបក្ស ក្រោយពេលអវត្តមានលោកប្រធាន សម រង្ស៊ី។ ថ្ងៃនេះអាសមខ្ញុំ មើលព័ត៌មានឃើញបងយឹម សុវណ្ណប្រកាសលទ្ធផលបឋមទាំងទឹកមុខស្រពោនថាអាសនៈក្រុមប្រឹក្សា និងមេឃុំ ចៅសង្កាត់គណបក្ស យើងកើនឡើង បើធៀបជាមួយលទ្ធផលឆ្នាំ២០១២ និយាយទៅគឺមុនពេលដែលបក្សយើងមិនទាន់រួមជាមួយគណបក្សសិទ្ធិមនុស្ស។
ចំពោះអ្នកគាំទ្រ ធម្មតាលទ្ធផលនេះគឺហាក់ល្អប្រសើរ ប៉ុន្តែបើយើងគិតឲ្យបានច្បាស់លាស់ទៅលទ្ធផលឆ្នាំ២០១៧នេះ សម្លេងគាំទ្រគណបក្សយើងមាន ការថយចុះ បើធៀបនឹងឆ្នាំ២០១៣ ព្រោះយើងបានតំណែងមេឃុំ ចៅសង្កាត់មិនដល់៥០០ផង តែបើគណនាលទ្ធផលឆ្នាំ២០១៣ បក្សយើងអាចទទួលបាន តំណែងមេឃុំ ចៅសង្កាត់ជាង៨០០ឃុំឯណោះ។ និយាយត្រង់ទៅនេះហើយលទ្ធផលដែលលោកប្រធាន និងក្រុមអែបអបមួយចំនួន មិនស្ដាប់កូនចៅ កំប៉ិចកំប៉ុក ដូចអាសមខ្ញុំនេះ ។ អង្គុយមើល និងស្ដាប់បងសុវណ្ណបណ្ដើរ ហូរទឹកភ្នែកបណ្ដើរ ស្ដាយឱកាសណាស់។
អាសមធ្លាប់ប្រាប់បងសុវណ្ណ ថា ២០១៧ ជាពេលវេលាដ៏សាកសមដែលអាចរុញកម្លាំងយកឈ្នះគណបក្សប្រជាជនកម្ពុជាបានយ៉ាងស្រួល តែបែរជាត្រូវរលាយ។
ដោយសារតែអវត្តមានលោកប្រធាន សម រង្ស៉ី ទើបក្រុមអែបអបមានឱកាសដោះដូរបេក្ខភាពបានតាមចិត្ត ដែលបង្កជាការថ្នាំងថ្នាក់ដែលនាំឲ្យបាត់បង់ឱកាស ប្រជែងជាមួយគណបក្សកាន់អំណាចនៅមូលដ្ឋានមួយចំនួនធំ។ ទេវតាមិនជួយបក្សយើងមែន មានឱកាសហើយ តែបែជាគ្មានមេដឹកនាំដែលមានសមត្ថភាព សម្រាប់ប្រជែងយកជ័យជម្នះទៀត បោះឆ្នោតលើកនេះ បើសិនជាឯ.ឧប្រធាននៅ ម្លេះសមបក្សយើងបានជោគជ័យជាមិនខានមិនមែនទុកឲ្យបក្សពួកលោកប្រធាន ធ្វើតាមតែទំនើងចិត្ត ហើយអាសមក៏មិនមែនចេះតែទើសនោះដែរ ។ ជាឧទាហរណ៍ជាក់ស្ដែងរួមមាន៖
១៖ ឃុំ សង្កាត់ដែល អាសម ធ្លាប់និយាយថា មានការដោះដូរលេខរៀងមានភាពមិនប្រក្រតី តាមបក្សពួក និងអំណាចទឹកលុយ គឺកម្លាំងយើងបាក់ទឹកចិត្ត បរាជ័យទាំងអស់ ជាឧទាហរណ៍ដូចជា៖
* សង្កាត់ទួលស្វាយព្រៃ១ លោកណុប ប៊ុនហូរប្លលន់យកលេខរៀងទី១ពីបងស្រី នឿន ដែលគេទម្លាក់ទៅលេខ៣ លទ្ធផលចាញ់ CPP 3050 CNRP 2781
* សង្កាត់បឹងត្របែក ដកបេក្ខភាព លោក មាស ស៊ុងហ៊ួរ អតីតចៅសង្កាត់រងទី២ ពីលេខ១ ទម្លាក់ដល់លេខ៤ លទ្ធផលចុងក្រោយ CPP 1827 CNRP 1771
* សង្កាត់អូរឬស្សី១ ដកបេក្ខភាព លោក ពៅ សង្វារ អតីតចៅសង្កាត់រង ដាក់កូតាបេក្ខភាពមកពីបក្សសិទ្ធិមនុស្ស លទ្ធផលចាញ់ CPP 1901 CNRP 1753 ហើយសង្កាត់អូរឬស្សី២ សង្កាត់អូរឬស្សី៤ សង្កាត់មិត្តភាព សុទ្ធតែដកអ្នកចាស់ដាក់កូតាសិទ្ធមនុស្ស លទ្ធផលចាញ់ទាំងអស់
* សង្កាត់បឹងព្រលឹត ផ្លាស់ប្ដូរមិនប្រក្រតី ចាញ់ CPP 2276 CNRP 2034
* សង្កាត់ជ្រោយចង្វារ ដកអ្នកចាស់ដាក់អ្នកថ្មីសុទ្ធតែញៀនថ្នាំ បងធំ បងតូច លទ្ធផលចាញ់ CPP 5381 CNRP 4786
* សង្កាត់ព្រែកកំពិស បងវុត្ថាលេខទី១ គេទម្លាក់ដល់លេខរៀងទី១០ ចុងក្រោយចាញ់ទៀត
* សង្កាត់កាំបូល បង ម៉ី ចន្នី លេខ១ សុខ ចំរើន លេខ២ គង់ផា លេខ៣ និងប្រាក់ សីហា លេខ៤ តែចុងក្រោយប្រាក់ សីហា ឡើងមកលេខ១ លទ្ធផលចាញ់ទៀត។
* បើទោះបីជានៅភ្នំពេញយើងឈ្នះ តែតាមការសង្កេតសង្កាត់ខាងលើនិងសង្កាត់ផ្សេងៗទៀត ភាគច្រើននៃសង្កាត់ដែលបក្សយើងចាញ់ គឺមកពីការផ្លាស់ប្ដូរ បេក្ខភាពនៅនាទីចុងក្រោយតាមទំនើងចិត្តរបស់លោក សួន រីដា។
២៖ ក្រុមអែបអបប្រមូលផ្ដុំតាមតែលោកប្រធាន ដើម្បីយកមុខមាត់។ អញ្ចឹងហើយបានជាមូលដ្ឋានឆ្ងាយៗ បក្សយើងថយសម្លេងជាច្រើន បើនៅតែបន្តចឹង ទៀត២០១៨ មូលដ្ឋានទាំងនោះបក្សកាន់អំណាចវាយយកវិញអស់ហើយ។ ឧទាហរណ៍ដូចចវានៅស្រុកស្អាងខេត្តកណ្តាល ពី២០១៣ឈ្នះ១៥ឃុំលើ១៦ ។ ឆ្នាំនេះឈ្នះត្រឹម១២លើ១៦ ។ ពូយុងនៅកោះអន្លុងចិនត្រូវគេរុញទៅលេខឆ្ងាយដាច់អាល័យ ត្រូវគាត់រត់មកចូលបក្សកាន់អំណាចវិញ។
៣៖ ក្រុមអ្នកតស៊ូជាមួយឯ.ឧប្រធានគេមិនសូវប្រើ ឬផ្ដល់សិទ្ធិសម្រេចកិច្ចការធំៗនោះទេ ហើយឥលូវអំណាចក្នុងដៃលោកប្រធានកឹម សុខា រហូតពេលខ្លះកូនចៅ គាត់ភ្លេចឯ.ឧប្រធានដែលជាស្ថានិកបក្សសង្រ្គោះជាតិថែមទៀត។
ឆ្លងតាមបទពិសោធន៍ និងលទ្ធផលលើកនេះ អាសមខ្ញុំយល់ឃើញថាបក្សយើងប្រហែលគ្មានគីឡូប្រកួតយកឈ្នះបក្សកាន់អំណាចទេសម្រាប់ឆ្នាំក្រោយលើកលែង តែលោកប្រធាន សម រង្ស៊ី វិលត្រលប់មកដឹកនាំបក្សវិញ ហើយបង្រួបបង្រួមសាមគ្គីផ្ទៃក្នុង និងដកក្រុមអាចក់អាចែម អែបអបមួយចំនួនចេញ។ និយាយបែបនេះ មិនមែនអាសមចង់បានតំណែងទេ គ្រាន់តែមិនចង់ឃើញការខិតខំរបស់ឯ.ឧប្រធាន ក្លាយជាផេះផង់ដោយសារជនឱកាសនិយម។ និយាយកាន់តែច្រើន គេកាន់តែស្អប់ តែបើអាសមមិននិយាយ ចាំតែហីអើ នោះអាសមខ្ញុំមិនខុសអីពីក្រុមហៃអើនោះទេ៕