(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានអន្ដរាគមន៍ជួយពលករខ្មែរ១១នាក់ ឲ្យវិលត្រឡប់មកកម្ពុជាវិញក្រោយចាញ់បោកមេខ្យល់ទៅធ្វើការដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរខេត្តសៃយ៉ាបូរី ចាប់ខ្លួន។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៧នេះថា ពលករខ្មែរទាំង១១នាក់ ត្រូវបានមេខ្យល់នាំធ្វើដំណើរតាមទូកចូលទៅប្រទេសឡាវ កាលពីថ្ងៃទី២០ ខែមេសា​ ឆ្នាំ២០១៧ ហើយត្រូវបានអាជ្ញាធរខេត្តសៃយ៉ាបូរី ឃាត់ខ្លួននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧។

សូមបញ្ជាក់ថា ស្ថានទូតបានរៀបចំមាតុភូមិនិវត្តន៍របស់ពលករទាំង១១នាក់មកកម្ពុជា តាមរថយន្ដក្រុងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ហើយពលករទាំងនេះ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តព្រៃវែង៕