(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ បន្ដឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ ដែលចូលមកធ្វើការ និងស្នាក់នៅដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដែលបានដឹកនាំប្រតិបត្តិការនេះ បញ្ជាក់ឲ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមទាំង១១នាក់នេះ ធ្វើឡើងនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ក្រោយឃាត់ខ្លួន កម្លាំងជំនាញរកឃើញថា ជនជាតិវៀតណាមទាំងនេះ បានលួចឆ្លងដែនចូល-ស្នាក់នៅ និងធ្វើការខុសច្បាប់គ្មានលិខិតឆ្លងដែន និងសៀវភៅការងារ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់អន្ដោប្រវេសន៍៕