(កំចាយមារ)៖ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់, នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ អ្នកវិភាគ «បក្សីចាំក្រុង» ដែលជាអ្នកតាមដានស្ថានភាព នយោបាយដ៏ល្បីម្នាក់នៅកម្ពុជា បានគូសវាសព្យាករណ៍លទ្ធផលឆ្នោតឃុំ-សង្កាត់ ទៅជាអាសនៈតំណាងរាស្រ្ត បន្ទាប់ពីលទ្ធផលឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានបង្ហាញក្រៅផ្លូវការថា គណបក្សសង្រ្គោះជាតិទទួលបានមិនលើស៥០០ ក្នុងចំណោម១៦៤៦ឃុំសង្កាត់ទូទាំងប្រទេស។ ប្រធានគណបក្សកាន់អំណាច ក៏បានប្រកាសថា គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងរហូតប្រមាណ៣០ម៉ឺននាក់ សម្រាប់ការបោះឆ្នោត២០១៧នេះ

ក្រោយពីទទួលលទ្ធផលក្រៅផ្លូវការនេះហើយ អ្នកវិភាគ «បក្សីចាំក្រុង» បានធ្វើគូសវាសពីលទ្ធផលឆ្នោតឃុំ-សង្កាត់ ទៅជាអាសនៈតំណាងរាស្រ្ត៖

១៖ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ បក្សទេវតាបានទទួល ៦៨ អាសនៈ ហើយបក្សព្រះអាទិត្យ បានទទួល៥៥អាសនៈ នៅក្នុងរដ្ឋសភា។ ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៧ បក្សព្រះអាទិត្យ ដែលជាបក្សប្រឆាំងក្នុងរដ្ឋសភាមានការរំពឹងទុកខ្ពស់ណាស់ថា សំឡេងឆ្នោតនឹងបន្តកើនឡើង ដើម្បីដណ្តើមជ័យជំនៈឆ្នាំ២០១៨។ ប៉ុន្តែ មនុស្សគិត មិនដូចទេវតាគិត។ យោងតាមលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៧ បក្សព្រះអាទិត្យទទួលបានតំណែងមេឃុំ-ចៅសង្កាត់ជិត៥០០ លើចំនួន មេឃុំ-ចៅសង្កាត់ សរុបទូទាំងប្រទេសចំនួន ១៦៤៦។

តំណែងនេះមានការថយចុះចំនួនជាង១១២ ឃុំសង្កាត់ ដែលការរំពឹងទុកពីមុនមានចំនួនរហូតដល់ទៅ ៦១២ឃុំសង្កាត់ នេះបើផ្អែកតាមលទ្ធផលនៃការ បោះឆ្នោតឆ្នាំ ២០១៣។ កុំថាឡើយកើនសំឡេង សូម្បីរក្សាសន្ទុះដែលមានក្នុងឆ្នាំ២០១៣ មិនទាំងបានផង ហើយថែមទាំងស្រុតចុះទៅទៀត ក្នុងខណៈពេល ដែលបក្សទេវតាមានការកើនសំឡេងគាំទ្រគួរអោយកត់សំគាល់។

២៖ គ្រប់គ្នាមើលឃើញថា របៀបឃោសនាបោះឆ្នោតឆ្នាំ២០១៧ នេះ គឺមានលក្ខណៈខ្លាំងក្លា បក្សនីមួយៗបញ្ចេញ និងបង្ហាញកំលាំងជាអតិបរមា ដែលមិនខុស ទៅនឹងការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្រ្តនោះឡើយ។ ផ្អែកតាមលទ្ធផលបឋមសម្រាប់ការបោះឆ្នោត ២០១៧ នេះ ឃើញថា ក្នុងចំណោមសន្លឹក ឆ្នោតបានការសរុបតាមបណ្តាខេត្តទូទាំងប្រទេស ចំនួន 6,867,972 បក្សទេវតាបានទទួលប្រមាណ 3,529,400 សំឡេង ស្មើនឹង ៥១,៣៩% ហើយបក្សព្រះអាទិត្យទទួលបានប្រមាណ 3,037,053 សំឡេង ស្មើនឹង ៤៤,២២%។ ប្រសិនបើលទ្ធផលនេះ ជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តវិញ លទ្ធផលនេះ បង្ហាញយ៉ាងច្បាស់ថា បក្សទេវតាបានកើនអាសនៈរហូតដល់ទៅ៧១អាសនៈ ចំណែកបក្សព្រះអាទិត្យបានថតអាសនៈមកនៅត្រឹម ៥៤ អាសនៈ។

ការគណនាបែងចែកចំនួនអាសនៈនៃរដ្ឋសភា ដោយផ្អែកលើលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតនៅឆ្នាំ២០១៧៖

១៖ បន្ទាយមានជ័យ 6 អាសនៈ ៖ CPP 3 / CNRP 3
២៖ បាត់ដំបង 8 អាសនៈ ៖ CPP 4 / CNRP 4
៣៖ កំពង់ចាម 10 អាសនៈ ៖ CPP 5 / CNRP 5
៤៖ ត្បូងឃ្មុំ 8 អាសនៈ ៖ CPP 5 / CNRP 3
៥៖ កំពង់ឆ្នាំង 4 អាសនៈ ៖ CPP 2 / CNRP 2
៦៖ កំពង់ស្ពឺ 6 អាសនៈ ៖ CPP 4 / CNRP 2
៧៖ កំពង់ធំ 6 អាសនៈ ៖ CPP 3 / CNRP 3
៨៖ កំពត 6 អាសនៈ ៖ CPP 3 / CNRP 3
៩៖ កណ្តាល 11 អាសនៈ ៖ CPP 6 / CNRP 5
១០៖ កោះកុង 1 អាសនៈ ៖ CPP 1 / CNRP 0
១១៖ ក្រចេះ 3 អាសនៈ ៖ CPP 2 / CNRP 1
១២៖ មណ្ឌលគិរី 1 អាសនៈ ៖ CPP 1 / CNRP 0
១៣៖ រាជធានីភ្នំពេញ 12 អាសនៈ ៖ CPP 5 / CNRP 7
១៤៖ ព្រះវិហារ ៖ 1 អាសនៈ ៖ CPP 1 / CNRP 0
១៥៖ ព្រៃវែង 11 អាសនៈ ៖ CPP 6 / CNRP 5
១៦៖ ពោធិ៍សាត់ 4 អាសនៈ ៖ CPP 3 / CNRP 1
១៧៖ រតនគិរី 1 អាសនៈ ៖ CPP 1 / CNRP 0
១៨៖ សៀមរាប 6 អាសនៈ ៖ CPP 3 / CNRP 3
១៩៖ ព្រះសីហនុ 3 អាសនៈ ៖ CPP 2 / CNRP 1
២០៖ ស្ទឹងត្រែង 1 អាសនៈ ៖ CPP 1 / CNRP 0
២១៖ ស្វាយរៀង 5 អាសនៈ ៖ CPP 3 / CNRP 2
២២៖ តាកែវ 8 អាសនៈ ៖ CPP 4 / CNRP 4
២៣៖ ខេត្តកែប 1 អាសនៈ ៖ CPP 1 / CNRP 0
២៤៖ ប៉ៃលិន 1 អាសនៈ ៖ CPP 1 / CNRP 0
២៥៖ ឧត្តរមានជ័យ 1 អាសនៈ ៖ CPP 1 / CNRP 0

សរុបមកក្នុងចំណោមអាសនៈនៅរដ្ឋសភាសរុប ចំនួន 125 អាសនៈ CPP ទទួលបាន 71 អាសនៈ និង CNRP ទទួលបាន 54 អាសនៈ។

៣៖ លទ្ធផលនេះបង្ហាញថា ការគាំទ្របក្សព្រះអាទិត្យមានការថយចុះ ដែលធ្វើអោយអ្នកគាំទ្របក្សនេះអស់សង្ឃឹម ហើយមេដឹកនាំបក្សនេះបាត់បង់អំនួត និងមហិច្ឆិតាអំណាចសម្រាប់ឆ្នាំ ២០១៨។ កុំថាឡើយបក្សនេះម៉ោងនេះថយការគាំទ្រ ប៉ុន្តែ បើទោះបីបក្សនេះ រក្សាបានសំឡេងឆ្នាំ ២០១៣ ក៏មិនអាចឈ្នះការបោះឆ្នោតឆ្នាំ ២០១៨ ឡើយ ព្រោះឆ្នាំ ២០១៣ បក្សនេះទទួលបានអាសនៈត្រឹមតែ ៥៥ តិចជាបក្សទេវតាដល់ទៅ ១៣ អាសនៈ ព្រោះបក្សទេវតាមានដល់ទៅ ៦៨ អាសនៈ។

៤៖ ក្តីសង្ឃឹមដ៏ស្រមើលស្រមៃក្នុងការឡើងធ្វើប្រធានព្រឹទ្ធសភា ដែលអាចកាន់កាប់តំណែងប្រមុខរដ្ឋស្តីទីនៅពេលព្រះមហាក្សត្រទ្រង់អវត្តមាន ក៏រលាយបាត់ទៅទៀត។ លទ្ធផលនៃការបោះឆ្នោត ២០១៧ បង្ហាញច្បាស់ថា បក្សទេវតានៅតែបន្តគ្រប់គ្រងព្រឹទ្ធសភា ធ្វើជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីដដែល ពេលព្រះមហាក្សត្រ ទ្រង់អវត្តមាន។

៥៖ អ្នកនយោបាយឈ្នះចាស់វស្សាមួយបាននិយាយកាលពីឆ្នាំ ២០១៣ ថា បក្សព្រះអាទិត្យដែលបានឡើងអាសនៈនៅរដ្ឋសភាដល់ចំនួន ៥៥ គឺបានឡើងដល់ចំណុចកំពូលនៃការគាំទ្រហើយ។ ជាក្រិត្យក្រម កាលណាឡើងដល់ចំណុចកំពូលហើយ គឺត្រូវចុះមកវិញ។ ដូចនេះ សំឡេងបក្សប្រឆាំងចំនួន ៥៥ អាសនៈដែលបានឡើងដល់ចំណុចកំពូលក្នុងឆ្នាំ ២០១៣ បាននឹងកំពុងស្រុតចុះមកវិញ ដូចបក្សទេវតាក្នុងឆ្នាំ ២០០៨ ដែលមានអាសនៈកើនដល់ចំណុចកំពូល គឺ ៩០ អាសនៈ។ ចំណែកឯបក្សទេវតា គឺមានកំលាំងពិតរបស់ខ្លួន ដែលមិនអាចបំបែកបាននៅក្នុងឆ្នាំ ២០១៣ គឺសំឡេងចំនួន ៦៨ អាសនៈ។ បូកជាមួយសមិទ្ធផលសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងកំលាំងមហាសាមគ្គី ឯកភាពផ្ទៃក្នុងរបស់បក្សនេះ បានធ្វើអោយសំឡេងបក្សនេះកើនឡើង។ សំឡេងនេះ នឹងបន្តកើនឡើងសម្រាប់ឆ្នាំ២០១៨ ទៀត ប្រសិនបក្សនេះបន្តកំណែទម្រង់អោយចំគោលដៅ និងហ៊ានធ្វើការវះកាត់សាច់ស្អុយរលួយចោល ដើម្បីផ្តល់ក្តីសង្ឃឹមជាថ្មីដល់រាស្រ្ត និងនគរ។

៦៖ បក្សព្រះអាទិត្យអស់អីឡាំប៉ាទៀតជាមួយនឹងច្បាប់ថ្មី និងគជប ថ្មី ហើយគ្មានឡើយលេស ដើម្បីតវ៉ាប្រឆាំងលទ្ធផលនៃការបោះឆ្នោតដូចលើកមុនៗទៀត។ ការថមថយការគាំទ្របក្សព្រះអាទិត្យដែលស្តែងឡើងដោយលទ្ធផល ២០១៧ នេះ គឺបណ្តាលមកពីបញ្ហាផ្ទៃក្នុងបក្សនេះផ្ទាល់ បូកផ្សំនិងការធ្វើនយោបាយ ប្រជាភិថុត និងប្រជោបាយនិយម បោកប្រាស់ភូតកុហករាស្រ្ត និងញុះញង់អោយមានចលាចល ដែលអាចធ្វើអោយប្រទេសជាតិ មានភាពវិកវរជាថ្មី។ ការបន្តកើនឡើងនៃការគាំទ្របក្សទេវតា គឺជាការបង្ហាញសារនយោបាយច្បាស់របស់រាស្រ្តខ្មែរថា រាស្រ្តខ្មែរ ត្រូវការសន្តិភាព និងការអភិវឌ្ឍ រាស្រ្តខ្មែរមិនត្រូវការឡើយការញុះញង់បំបែកបំបាក់ ក្រោមខ្សែញាក់របស់បរទេស។

សូមជូនពរដោយស្មោះស្ម័គ្រឲ្យរាស្រ្តខ្មែរសម្រេចនូវបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្លួន គឺរស់នៅដោយសុខសាន្តតកូនតចៅ ក្នុងនគរដែលមានសន្តិភាពពេញបរិបូរណ៍ និងការកែទម្រង់ដើម្បីការរីកចំរើនគ្រប់វិស័យ។

កំចាយមារ ខេត្តព្រៃវែង, ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៧
ដោយ៖ បក្សីចាំក្រុង