(កំពង់ចាម)៖ បើទោះបីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ បានប្រកាសពីជោគជ័យរបស់ខ្លួន នៅក្នុងទឹកដីខេត្តកំពង់ចាម ដែលជាកន្លែងឈរជើងរបស់លោក កឹម សុខា ប្រធានគណបក្សនោះ ប៉ុន្ដែលទ្ធផលជាក់ស្ដែង វិញបានបង្ហាញថា គណបក្សប្រឆាំងមួយនេះបានបាត់បង់សម្លេង អ្នកគាំទ្រ រហូតដល់ជាង៥ម៉ឺនសម្លេងឯណោះ បើប្រៀប ធៀបការបោះឆ្នោតកាលពី ឆ្នាំ២០១៣កន្លងទៅ នេះបើយោងតាមតួលេខក្រៅផ្លូវការ ដែលទទួលបាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានេះ ទោះបីលទ្ធផលក្រៅផ្លូវការបានបង្ហាញថា សម្រាប់ខេត្តកំពង់ចាម គណបក្សប្រជាជនកម្ពុជា បានដំណែង ជាមេឃុំចៅសង្កាត់ត្រឹម៣៥ឃុំសង្កាត់ ខណៈដែលគណបក្សសង្គ្រោះជាតិ បានដំណែងជាមេឃុំចៅសង្កាត់រហូតដល់ ៧៤នោះ ប៉ុន្ដែបើរាប់ពីសម្លេងវិញ គណបក្សប្រជាជនកម្ពុជា បានកើនឡើងរហូត ជាង២៥,០០០សម្លេង បើប្រៀបធៀប ការបោះឆ្នោតនាឆ្នាំ២០១៣កន្លងទៅ។
យោងតាមលទ្ធផលបឋមក្រៅផ្លូវការ សម្រាប់ការបោះឆ្នោតកាលពីម្សិលមិញ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងអ្នកគាំទ្រ ចំនួន ២០៣,៤១៦សម្លេង ពោលមានការកើនឡើងរហូតដល់២៥,៧៣១សម្លេង បើប្រៀបធៀប ការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលទទួលបាន ១៧៧,៦៨២សម្លេង។
សម្រាប់គណបក្សសង្គ្រោះជាតិវិញ ឆ្នាំ២០១៧នេះទទួលបានចំនួន២៤១,៩៥២ បើប្រៀបធៀបការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រឆាំង មួយនេះទទួលបាន រហូតដល់ ២៩៦,៦៦២សម្លេង។ ពោលគឺមានការថយចុះសម្លេងរហូតដល់ ៥៤,៤១០សម្លេង។
សូមបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានបញ្ចប់ទៅក្នុងស្ថានភាពបរិយាកាសល្អប្រសើរ មានការទទួល ស្គាល់ពីប្រជាពលរដ្ឋ អ្នកសង្កេតការណ៍ ជាតិ និងអន្ដរជាតិនោះ ជាលទ្ធផលប្រជាពលរដ្ឋចំនួន ៧,០៤០,៥៩៤នាក់ ស្នើនឹង៨៩.៥២ភាគរយ ក្នុងចំណោមប្រជាជន ដែលបានចុះឈ្មោះបោះឆ្នោត ចំនួន៧,៥៦៥,០៣៣នាក់ បានអញ្ជើញ ទៅបោះឆ្នោត។
លទ្ធផលបឋមក្រៅផ្លូវការ សម្រាប់ការបោះឆ្នោតលើកនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន១១៦៣ឃុំសង្កាត់ ស្នើនឹងជាង៧០ភាគរយ ខណៈដែល គណបក្សសង្គ្រោះជាតិ ទទួលបាន៤៨២ឃុំសង្កាត់ ស្នើនឹងប្រមាណ៣០ភាគរយ ប៉ុណ្ណោះ រីឯគណបក្សខ្មែររួបរួមជាតិទទួលបាន១ឃុំនៅក្នុងមូលដ្ឋាន ខេត្តបន្ទាយមានជ័យផងដែរ។
កាលពីព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែបង្ហាញក្តីរីករាយ ចំពោះលទ្ធផលនៅ ថ្ងៃម្សិលមិញនេះ ព្រោះការបោះឆ្នោតនេះ បើធៀបឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតជាង ៣០ម៉ឺនសំឡេង។ តាមរយៈលទ្ធផលនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តដណ្តើមបានជ័យជម្នះនៅឆ្នាំ២០១៨ ក្នុងការដឹកនាំរាជរដ្ឋាភិបាល៕