(ភ្នំពេញ)៖ ខណៈតម្លៃពងទាធ្លាក់ថ្លៃខ្លាំង រហូតទៅដល់មួយគ្រាប់តម្លៃត្រឹមតែ២៥០រៀល ឬ២៨០រៀលនោះ បានធ្វើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមទាទាំងអស់ មានការព្រួយបារម្ភជាខ្លាំងជាមួយការប្រឈមមុខ បិទកសិដ្ឋានរបស់ខ្លួន ព្រោះតែតម្លៃពងទាធ្លាក់ចុះ។
លោក សេង រដ្ឋា កសិករចិញ្ចឹមទារស់នៅភូមិពោធទី ឃុំពោធទី ស្រុកស៊ីធរ ខេត្តព្រៃវែង ដែលបានប្ដូរទីតាំងមកខេត្តកំពតវិញ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ថា មានកត្តាជាច្រើនដែលបណ្ដាលឲ្យពងទាមានការធ្លាក់ថ្លៃ រួមមានការនាំចូលពីប្រទេសវៀតណាម ដែលមានតម្លៃថោកត្រឹមតែ២០០រៀល ទៅ២៥០រៀលតែប៉ុណ្ណោះ ក្នុងមួយគ្រាប់នោះ ជាហេតុផលដែលធ្វើឲ្យឈ្មួញកណ្ដាល ទទួលយកពងទាមកបោះដុំតាមផ្សារ ចាប់ផ្តើមទម្លាក់ថ្លៃពងទាក្នុងស្រុក។
លោកបន្ដថា «ទាំងនេះបានធ្វើឲ្យប៉ះពាល់តម្លៃដល់អ្នកចិញ្ចឹមផ្ទាល់នៅកសិដ្ឋាន។ ការបើកកសិដ្ឋាននេះ ខ្ញុំបានចំណាយទុនអស់ប្រហែលជាង៦ពាន់ដុល្លារ មានទាចំនួន១,៣០០ក្បាល ហើយមួយថ្ងៃទាពងបានប្រមាណ១១០០គ្រាប់។ បើពងទានៅតែបន្ដធ្លាក់ថ្លៃ ខ្ញុំពិតជាមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះវាបណ្ដាលឲ្យមានបញ្ហាចំពោះកសិដ្ឋាន។ ឥឡូវនេះខ្ញុំបានផ្លាស់ប្ដូរទីតាំង កសិដ្ឋានមកពីខេត្តព្រៃវែង ទៅខេត្តកំពតវិញ ពីព្រោះស៊ើបសួរទៅឃើញថាតម្លៃល្អ និងខ្ពស់ជាងខេត្តព្រៃវែង»។
លោកបានថ្លែងឲ្យដឹងទៀតថា សម្រាប់ពងទា គឺចែកចាយទៅរាជធានីភ្នំពេញ ព្រះសីហនុ ខេត្តកោះកុងជាដើម ពីព្រោះហាងឆេងមានតម្លៃថ្លៃជាងគេ។
ជាមួយគ្នានោះដែរ លោក យៀត យ៉ាត កសិករចិញ្ចឹមទាស្ថិតនៅក្នុងខេត្តព្រៃវែង បានថ្លែងឲ្យដឹងស្រដៀងគ្នានេះដែរថា «សម្រាប់ពងទាដែលលក់ចេញ គឺបានតម្លៃត្រឹមតែ២៩០រៀលតែប៉ុណ្ណោះ បើតាមខ្ញុំមើលទៅតាមព័ត៌មានមួយចំនួន កត្តាដែលបណ្ដាលឲ្យពងទាធ្លាក់ថ្លៃ មកពីនាំចូលច្រើនពីប្រទេសជិតខាង ដែលធ្វើឲ្យតម្លៃពងទាក្នុងស្រុកធ្លាក់ថ្លៃខ្លាំង រហូតដល់កន្លែងខ្លះក្ស័យធនត្រូវបិទអាជីវកម្មផងដែរ»។
លោកបញ្ជាក់ថាទៀតថា «ប្រសិនបើពងទាមិនឡើងថ្លៃវិញទេ បណ្ដាលឲ្យរបរចិញ្ចឹមទារក្ស័យធន អស់ដើមទុនសម្រាប់ការរកស៊ី ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ ចំពោះបញ្ហានេះ ព្រោះថានេះជាមុខរបររបស់តែមួយគត់ ដែលខ្ញុំរកចិញ្ចឹមជីវិតប្រចាំថ្ងៃ ដល់ពេលវាធ្លាក់ថ្លៃបែបនេះ ខ្ញុំមិនដឹងថាគួរថារករបរអ្វីនោះទេ។ សព្វថ្ងៃនេះខ្ញុំ និងប្រពន្ធចង់តែទៅចំណាកស្រុក តែមិនដឹងចេញទៅខាងណា»។
លោកបានស្នើសុំដល់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបង្កើនការទប់ស្កាត់ របស់នាំចូលពីក្រៅប្រទេសចូលមកកម្ពុជា និងស្នើឲ្យមានការដំឡើងថ្លៃចំពោះរបរកសិកម្ម របស់ប្រជាកសិករ នៅក្នុងប្រទេលើកទីផ្សារបន្ថែមទៀត។
លោក កុសល ឈ្មួញកណ្ដាលទិញពងទាលក់បន្ដ បានថ្លែងឲ្យដឹងថា មានមូលហេតុជាច្រើន ដែលបណ្ដាលឲ្យការទិញពងទាក្នុងតម្លៃថោក ដោយសារតែការនាំយកមក ឲ្យអ្នកទទួលលក់បន្ដ គឺពួកគាត់លក់មិនដាច់ មានការនាំពងទាចូលពីប្រទេសក្រៅច្រើនដែលមានតម្លៃថោក ដូច្នេះគេត្រូវតែបញ្ចុះតម្លៃឲ្យស្មើនឹងតម្លៃដែលគេយកពីក្រៅ ប្រសិនបើយើងទិញពីកសិដ្ឋានក្នុងតម្លៃថ្លៃនោះនឹងមិនបានចំណេញនោះទេ។
សម្រាប់ការទទួលទិញផ្ទាល់ពីម្ចាស់កសិដ្ឋាន គឺទិញក្នុងតម្លៃ២៨០រៀលក្នុងមួយគ្រាប់ ហើយនៅពេលដែលបោះបន្ដបានតម្លៃ២៩០ ទៅ៣០០រៀលក្នុងមួយគ្រាប់ នេះសម្រាប់បោះឲ្យម៉ូយតូច តែបើសម្រាប់ម៉ូយធំវិញ គឺឲ្យតម្លៃថោក ឬស្មើទៅនឹងតម្លៃដែលយើងយកពីកសិដ្ឋានមក។ នេះបើតាម លោក កុសល បានបញ្ជាក់បន្ថែម។
លោក ឆាយ សុខហួរ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការធ្លាក់ថ្លៃពងទានេះ គឺបណ្ដាលមកពីការនាំចូលពីប្រទេសវៀតណាម ដែលការបើកឲ្យមានការនាំចូល ទាំងនេះ បណ្ដាលឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចក្នុងស្រុក ធ្វើឲ្យកសិករមួយចំនួនឈប់ចិញ្ចឹមទា មាន់ ជ្រូក ហើយនៅថ្ងៃអនាគត បើយើងគិតមិនទាន់ទេ នោះនឹងបណ្ដាលឲ្យប៉ះពាល់កសិផលទាំងអស់ បើកសិផលក្នុងស្រុកដួលហើយ នោះកសិផលនេះត្រូវបានគេសម្លាប់អស់ហើយ។
លោកបានបញ្ជាក់ថា ដើម្បីឲ្យតម្លៃពងទាក្នុងស្រុកឡើងថ្លៃវិញ ត្រូវតែកាត់បន្ថយ ឬបិទកានាំចូលពងទាពីប្រទេសជិតខាង ប្រជាពលរដ្ឋខ្មែរត្រូវមានភាពស្មោះត្រង់នឹងគ្នា ចេះជួយគ្នាទើបកសិផលក្នុងស្រុករីកចំរើន៕