(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅរាជធានី​ភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ​ចំពោះប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់ ដែលបានទៅចូល​រួមបោះឆ្នោត ព្រមទាំងអំពាវនាវឲ្យគ្រប់គណបក្ស​​ទាំងអស់ គោរពតាមនិងទទួលយកលទ្ធផល​នៃការបោះឆ្នោត​នេះ​ដោយសន្តិវិធី និងនៅក្នុងឆន្ទៈ​នៃកិច្ចសហប្រតិបត្តិការ និងបង្រួបបង្រួមជាតិ។

ស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំនៅរាជធានី​ភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ​ចំពោះប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់ ដែលបានទៅចូល​រួមបោះឆ្នោត កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញនេះ ដើម្បីជ្រើសរើស​ថ្នាក់ដឹកនាំ​នៅតាមសហគមន៍​របស់ពួកគេ។ ជាមួយគ្នានេះស្ថានទូតអាមេរិកសូមធ្វើ​ការកោតសរសើរ ចំពោះរាជរដ្ឋាភិបាល​នៃ​​ប្រទេសកម្ពុជា, គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប), មន្រ្តីកិច្ចការ​បោះឆ្នោត, និងក្រុមអ្នកស្ម័គ្រចិត្ត​ទាំងអស់ សម្រាប់កិច្ចខិតខំប្រឹង​ប្រែង​​របស់​ពួកគេ ក្នុងការរៀបចំចាត់ចែង និងដំណើរការការបោះឆ្នោត​នេះ។

សូមបញ្ជាក់ថា លទ្ធផលបឋមនិងមិនទាន់ផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជាទទួល ១១៦៣ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិ ទទួលបាន ៤៨២ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ១ឃុំ៕