(ភ្នំពេញ)៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានទៅចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំនៅតាមសហគមន៍របស់ពួកគេ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ដែលបានទៅចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំនៅតាមសហគមន៍របស់ពួកគេ។ ជាមួយគ្នានេះស្ថានទូតអាមេរិកសូមធ្វើការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា, គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប), មន្រ្តីកិច្ចការបោះឆ្នោត, និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការរៀបចំចាត់ចែង និងដំណើរការការបោះឆ្នោតនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ បានរៀបរាប់ថា៖ ស្ថានទូតអាមេរិក មានក្រុមអ្នកសង្កេតការណ៍សរុប៤០ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សហការជាមួយ គ.ជ.ប។ ក្រុមទាំងនេះបានចុះអង្កេតការណ៍ ទៅកាន់តំបន់ជាង ៣០០កន្លែង នៅក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តចំនួន១៣។ ការបោះឆ្នោតនៅតាមការិយាល័យ ដែលស្ថិតក្រោមការសង្កេតការណ៍របស់ក្រុមការងារទាំងនេះ មានសណ្តាប់ធ្នាប់និងរបៀបរៀបរយល្អ។ ក្រៅពីនេះរបាយការណ៍មកពីក្រុមអ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិដទៃទៀត ក៏មានការយល់ឃើញដូចគ្នាដែរ។
យ៉ាងណាមិញ យើងនឹងបន្តឃ្លាំមើលព្រឹត្តិការណ៍នេះទៀត ស្របពេលដែល គ.ជ.ប ធ្វើការរៀបចំ និងប្រកាសអំពីលទ្ធផលផ្លូវការ។ ពួកយើងរំពឹងថា គ.ជ.ប នឹងអនុវត្តន៍តួនាទីនេះ ដោយប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងតម្លាភាពខ្ពស់បំផុត ហើយក៏សង្ឃឹមផងដែរថា គ.ជ.ប នឹងបើកការស៊ើបអង្កេតយ៉ាងពេញលេញ ទៅលើបញ្ហា និងក្តីព្រួយបារម្ភនានា ដែលបានលើកឡើងដោយបណ្តាគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ទាំងកាលពីមុន និងក្រោយយុទ្ធនាការឃោសនាបោះឆ្នោត។
ការបោះឆ្នោតកាលពីម្សិលមិញនេះ គឺជាការវិវឌ្ឍន៍ព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងការអភិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យ ដែលកំពុងបន្តរីកចម្រើនទៅមុខរបស់កម្ពុជា ហើយយើងសូមធ្វើការអំពាវនាវដល់ពលរដ្ឋកម្ពុជា និងគ្រប់គណបក្សរួមទាំងស្ថាប័នទាំងអស់ គោរពតាមនិងទទួលយកលទ្ធផលនៃការបោះឆ្នោតនេះដោយសន្តិវិធី និងនៅក្នុងឆន្ទៈនៃកិច្ចសហប្រតិបត្តិការ និងបង្រួបបង្រួមជាតិ៕