(ភ្នំពេញ)៖ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់, នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចេញលិខិត ប្រកាសទទួលស្គាល់ថា គណបក្សសង្រ្គោះជាតិ ទទួលបានតំណែងមេឃុំ-ចៅសង្កាត់មិនដល់៥០០ឃុំ-សង្កាត់ ខណៈគណបក្សប្រជាជនកម្ពុជា ទទួលបានជាង ១១៨០មេឃុំ-សង្កាត់ (លទ្ធផលក្រៅផ្លូវការ)។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងរហូតប្រមាណ ៣០ម៉ឺននាក់ ជាការឡើងគួរឲ្យកត់សំគាល់។
ការប្រកាសទទួលស្គាល់នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប មិនទាន់បានប្រកាសលទ្ធផលបណ្តោះអាសន្ន ទូទាំងប្រទេសនៅឡើយនោះទេ។
ការប្រកាសទទួលស្គាល់ចំនួនមេឃុំ-ចៅសង្កាត់របស់គណបក្សសង្រ្គោះជាតិ ដែលទទួលបានមិនដល់៥០០ផងនោះ, ត្រូវបានមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាច ថ្លែងឲ្យដឹងថា នេះជាការបាត់បង់សម្លេងឆ្នោតយ៉ាងច្រើនរបស់គណបក្សសង្រ្គោះជាតិ បើប្រៀបធៀបការបោះឆ្នោតកាលពីឆ្នាំ២០១៣។ បើយកសម្លេងឆ្នោត ឆ្នាំ២០១៣ មកគណនា នោះគណបក្សសង្រ្គោះជាតិ អាចត្រូវទទួលបានជាង៧០០មេឃុំ-សង្កាត់ ប៉ុន្តែការបោះឆ្នោត២០១៧នេះ ទទួលបានមិនដល់ ៥០០មេឃុំ-សង្កាត់ផងនោះ។ គណបក្សសង្រ្គោះជាតិ មានក្តីស្រមៃប៉ុនប៉ងយកឈ្នះ ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ រហូតដល់៧០% ទៅ ៧៥% ដើម្បីកាន់កាប់ព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី ពេលអវត្តមានព្រះមហាក្សត្រ ប៉ុន្តែនៅពេលនេះទទួលបានប្រមាណជិត៣០%ប៉ុណ្ណោះ។
នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើ Facebook ឲ្យដឹងថា កាលពីយប់មិញមានមនុស្សមួយចំនួន ចេញមកអះអាងថា គណបក្សប្រជាជនចាញ់ឆ្នោត។ សម្តេចចាត់ទុកអ្នកលើកឡើងនេះថា ជាមនស្សស្គាល់ត្រឹមដើមឈើនឹងមិនស្គាល់ព្រៃទាំងមូលនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា គណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ មានផែនការគ្រប់គ្រងសំឡេងភាគច្រើននៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជា អង្គបោះឆ្នោតព្រឹទ្ធសភា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី ពេលអវត្តមានព្រះមហាក្សត្របានបរាជ័យរួចទៅហើយ។ «គេឃោសនាថា ឆ្នាំ២០១៧ យកឃុំសង្កាត់ និងព្រឹទ្ធសភា ឆ្នាំ២០១៨ នឹងយកសភា។ ពេលខាងមុខគណបក្សប្រជាជន នៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា»។
សម្តេចតេជោ បន្តថា «សំឡេងឆ្នោតគណបក្សប្រជាជន មានការកើនឡើងប្រៀប នឹងការបោះឆ្នោតឆ្នាំ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត ៦,៧៤៣,៣២៩សំឡេង គណបក្សប្រជាជនទទួលបានចំនួន ៣,៥២៩,៤០០សំឡេង ស្មើ ៥១,៣៩% កើនឡើងជាង ៣០ម៉ឺនសំឡេងប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣»។
សម្តេតេជោ បានបន្ថែមទៀតថា «បក្សផ្សេងសង្ឃឹមថាបក្សទាំងនោះ នឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភា ដែលអាចបញ្ជាក់ច្បាស់រួចទៅហើយថា គណបក្សប្រជាជន នឹងនៅតែជាគណបក្សមានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សំឡេងឆ្នោត ឆ្នាំ២០១៨ នឹងមិនខុសគ្នាជាមួយសំឡេងឆ្នោតពេលនេះប៉ុន្មាននោះទេ»។
សូមបញ្ជាក់ថា លទ្ធផលបឋមនិងមិនទាន់ផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជាទទួល ១១៦៣ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិ ទទួលបាន ៤៨២ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ១ឃុំ៕