(កណ្តាល)៖ នាយនគរបាលប៉ុស្តិ៍ទាំង១១ និងមន្រ្តីនគរបាលប៉ុស្តិ៍ ជាច្រើននាក់ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ខេត្តកណ្តាល បានប្តឹងទៅថ្នាក់លើ បន្ទាប់ពីលោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ បានស៊ីដាច់លុយបេសសកម្មរបស់ពួកគេសម្រាប់ការពារ សន្តិសុខ ថ្ងៃយុទ្ធនាការឃោសនារក សម្លេងឆ្នោតរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។
ជុំវិញការផ្ទុះរឿងមិនប្រក្រតីខាងលើនេះ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបញ្ជាឲ្យស្នងការរង នគរបាល ទទួលភស្តុភា និងហិរញ្ញវត្ថុ ដឹកនាំក្រុមអធិការកិច្ចរបស់ស្នងការដ្ឋាន ចុះទៅដោះស្រាយទាំងយប់តែម្តង ដើម្បីបំបាត់បាតុភាព មួយនេះ។
មន្រ្តីនគរបាលតាមប៉ុស្តិ៍មួយចំនួន នៅស្រុកកោះធំ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ជាគោលការណ៍របស់ ក្រសួងមហាផ្ទៃ សម្រាប់ការងារយុទ្ធនាការឃោសនាបោះឆ្នោត (រយៈពេល២៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែឧសភា) ក្នុង១ប៉ុស្តិ៍ ទទួលបាន១លានរៀល ហើយកម្លាំងនគរបាលក្នុង១ប៉ុស្តិ៍ ចំនួន៧នាក់ ត្រូវទទួលបានម្នាក់ចំនួន៨ពាន់រៀល សម្រាប់មួយថ្ងៃ ចឹងរយៈពេល១៤ថ្ងៃមានចំនួន១១២០០០រៀល។ ប៉ុន្តែតាំងពីថ្នាក់លើទម្លាក់លុយទៅនោះ លោកអធិការ ស៊ឹម ឃាង បានត្រឹមតែប្រគល់ លុយចំនួន១លានរៀល ជូនមេប៉ុស្តិ៍ ដោយឡែករបបលុយសម្រាប់ មន្រ្តីនគរបាលប៉ុស្តិ៍នោះ មិនបានប្រគល់ឲ្យនោះឡើយ។
បើតាមមន្រ្តីនគរបាលមូលដ្ឋាន បន្ទាប់ពីទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យស្នងការរងទទួលខាងភស្តុភារ ទៅដោះស្រាយ ទាំងយប់ ហើយជាលទ្ធផល លោកអធិការបានយល់ព្រមបើកឲ្យ តែមិនមែនឲ្យលុយទៅមេប៉ុស្តិ៍ទាំងអស់នោះទេ គឺហៅមនុស្សរាប់ជាក់ស្តែងតែម្តង។
ជាមួយគ្នានេះ ក៏មានការប្តឹងផ្ទាល់ទៅកាន់ស្នងការនគបាលខេត្តផងដែរ ដោយមន្រ្តីនគរបាលរូបនោះសរសេរថា «គោរពជូន ឯកឧត្តមស្នងការ ខ្ញុំបាទងឿងឆ្ងល់ប្រាក់ចំនួន៨០០០រៀល ក្នុងមួយថ្ងៃដែលលោកស្នងការមានប្រសាសន៍ប្រាប់លោកនាយ ប៉ុស្តិ៍ទូទាំងខេត្តនោះ ឥឡូវស្រុកកោះធំអត់បាន បើកឲ្យមន្រ្តីតាមប៉ុស្តិ៍ទេ សូមលោកស្នងការមេត្តាមើលផង»។ ជាការឆ្លើយតបវិញ លោកឧត្តមសេនីយ៍ស្នងការ បានសរសេរថា «សូមអរគុណសម្រាប់ ព័ត៌មាននេះ។ យើងនឹងព្យាយាមឆ្លើយតប តាមលទ្ធភាព ហើយយើងនឹងផ្តល់ចម្លើយទៅឲ្យអ្នកវិញ ឲ្យបានឆាប់»។
មន្រ្តីនគរបាលខេត្តកណ្តាលម្នាក់ ក៏បានលួចបង្ហើបថា នៅពេលក្រុមអធិការកិច្ចចុះទៅសួរនាំនោះ ស្រាប់តែលោកអធិការឆ្លើយប្រាប់ថា កាលពីក្នុងកិច្ចប្រជុំលោកមិនយល់ច្បាស់ពីប្រាក់ទាំងនេះ ចឹងចេះតែទុកសិនទៅ។
តែយ៉ាងណាក៏ដោយលោក ស៊ឹម ឃាង បានបដិសេធការចោទប្រកាន់តែងនេះ ដោយលោកអះអាងថា លោកបានប្រគល់ថវិកាទាំងអស់ ទៅឲ្យនាយនគរបាលប៉ុស្ដិ៍ រួចរាល់ហើយ ពុំមានការស៊ីដាច់អ្វីនោះទេ។
អធិការសុ្រករូបនេះ បានបញ្ជាក់ថា «លុយទាំងនេះទាំងរបប១លានរៀល និងបេសកកម្មម្នាក់៨,០០០រៀល ខ្ញុំបានប្រគល់ឲ្យទៅមេប៉ុស្ដិ៍ទាំងអស់ហើយ ដូច្នេះ គឺជាការចាត់ចែងបន្ដរបស់លោកមេប៉ុស្ដិ៍ទៅកាន់កងកម្លាំងរបស់ខ្លួន»៕