(ភ្នំពេញ)៖ ជាផ្នែកនៃផែនការទូទាំងប្រទេស ដើម្បីផ្តល់ការការពារហិរញ្ញវត្ថុជូនដល់ប្រជាជនខ្មែរកាន់តែច្រើននៅទូទាំងប្រទេសកម្ពុជា ដោយកាលពីចុងសប្ដាហ៍នេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានបើកសម្ពោធសាខាទីមួយរបស់ខ្លួននៅក្នុងខេត្តបាត់ដំបង ដែលសាខានេះជាទីតាំងបម្រើសេវាកម្មពេញលេញដំបូងគេ ដែលក្រុមហ៊ុនបានបង្កើតឡើងនៅក្រៅរាជធានីភ្នំពេញ ។
អាគារសាខាថ្មីនេះ ដែលមានទីតាំងស្ថិតនៅអាគារលេខ S6 និង S7 ផ្លូវជាតិលេខប្រាំ ចំកណ្តាលក្រុងបាត់ដំបង ត្រូវបានបើកសម្ពោធជាផ្លូវការដោយ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង កញ្ញា ឆាត់ ឡេងច័ន្ទឆាយ៉ា តំណាងដ៏ខ្ពង់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា នៅក្នុងពិធីកាត់ខ្សែបូយ៉ាងអធិកអធមមួយ ដែលមានការចូលរួមអបអរសាទរដោយគណៈធិបតី ភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា គ្រប់ជាន់ថ្នាក់ជាច្រើនរូប ។
មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បាននិងកំពុងផ្តល់ការការពារ និងការរៀបចំផែនការហិរញ្ញវត្ថុល្អបំផុត ដោយផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ខ្លួន អាចស្វែងរកបានដោយអតិថិជនទូទាំងប្រទេស តាមរយៈបណ្តាញទីប្រឹក្សាហិរញ្ញាវត្ថុធំទូលាយ និងដៃគូសហការរបស់ក្រុមហ៊ុន គឺធនាគារ អេស៊ីលីដា ដែលបានផ្តល់ទីតាំងលក់ផលិតផលរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នៅក្នុងសាខាធនាគារ អេស៊ីលីដា ជាង១០០កន្លែង នៅទូទាំងប្រទេស ។
លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ការបើកសម្ពោធអាគារសាខាថ្មីសន្លាងនេះ គឺជាសញ្ញាដែលឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកសេវាហិរញ្ញវត្ថុរបស់ខ្លួនឲ្យទៅដល់ប្រជាជនខ្មែរនៅទូទាំងប្រទេស ហើយព្រឹត្តិការណ៍នៅក្នុងពេលនោះ ជាលក្ខខណ្ឌបង្ហាញយ៉ាងច្បាស់លាស់មួយ អំពីការខិតខំនៅក្នុងការបំពេញការងាររបស់យើង ។ សាខាដែលបើកថ្មីនៅក្នុងខេត្តបាត់ដំបង នឹងផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ក៏ដូចជាផលិតផលធានារ៉ាប់រងអាយុជីវិតកាន់តែច្រើនបន្ថែមទៀតទៅដល់ក្រុមគ្រួសារនៃប្រជាជនកម្ពុជា ដើម្បីបំពេញតម្រូវការរបស់ពួកគាត់ផ្ទាល់ផង និងអាចឲ្យពួកគាត់រក្សាបាននូវអនាគតមួយដែលមានស្ថិរភាពផង ។ កម្មវិធីនៅពេលនេះ ពិតណាស់គឺជាកម្មវិធីដ៏មានសារៈសំខាន់មួយរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា» ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានថ្លែងផងដែរថា «ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនៃសាខាក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងខេត្តបាត់ដំបង និងសូមអបអរសាទរចំពោះការបើកសាខាថ្មីទីមួយនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជា នាឱកាសនេះ ខ្ញុំមានជំនឿជឿជាក់ថា ការខិតខំប្រឹងប្រែងរៀបចំផែនការហិរញ្ញវត្ថុតាមគ្រួសារ គឺជាកត្តាសំខាន់សម្រាប់អនាគតរបស់ក្រុមគ្រួសារ និងការសិក្សារបស់កូនចៅជំនាន់ក្រោយ ។ ខ្ញុំសូមសម្តែងនូវការកោតសសើរ និងលើកទឹកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត សូមមេត្តាចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការរៀបចំផែនការហិរញ្ញវត្ថុអនាគត និងកិច្ចការរៀបចំប្រាក់សន្សំសម្រាប់កូនៗនាពេលអនាគតផងដែរ »។
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជឿជាក់ថាការបើកសម្ពោធសាខាថ្មីក្នុងខេត្តបាត់ដំបងនេះ គឺជាការបោះជំហានធំមួយ ក្នុងដំណើរអភិវឌ្ឍ និងពង្រីកវត្តមានរបស់ខ្លួន ទៅតាមខេត្ត-ក្រុងសំខាន់ៗ ក្នុងប្រទេសកម្ពុជា មាននៅខេត្ដ សៀមរាបជាដើម ។
ការពង្រីកវត្តមានថ្មីៗទាំងនោះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន ព្រូដិនសលកម្ពុជា អាចផ្តល់សេវាកម្មពេញលេញ និងគ្រប់ជ្រុងជ្រោយជូនដល់អតិថិជនទាំងថ្មី និងចាស់នៅទូទាំងប្រទេស ក៏ដូចជាអនុញ្ញាតឲ្យ ក្រុមហ៊ុនពង្រីកគម្រោងសកម្មភាពសង្គមរបស់ខ្លួន ទៅដល់ខេត្ត-ក្រុងកាន់តែច្រើនក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕