(ប៉េកាំង)៖ អភិបាលរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក លោក Jerry Brown បានមកដល់ប្រទេសចិនហើយ ដើម្បីបំពេញដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំបរិស្ថានដ៏ធំមួយក្នុងទីក្រុងប៉េកាំង ក្នុងការដោះស្រាយបញ្ហាប្រឈមនានា បើទោះបីជាសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ដោយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា បណ្តាប្រទេសសរុបជាង ២០ មកពីតំបន់អឺរ៉ុប អាស៊ី និងអាមេរិក បានមកជួបប្រជុំគ្នាក្នុងទីក្រុងប៉េកាំងប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំស្តីពីនយោបាយថាមពលស្អាត ដែលត្រូវបានប្រកាសរៀបចំគំរោងតាំងពីដើមខែឧសភា មកម្ល៉េះ។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំនាថ្ងៃចន្ទនេះ បានធ្វើឡើងចំពេលដែល លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដែលអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខានៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥។
ទោះបីជាបែបនេះក្តី អភិបាលរដ្ឋ និងទីក្រុងជាច្រើនទូទាំងសហរដ្ឋអាមេរិក បានអះអាងកាលពីសប្តាហ៍មុននេះថា ពួកគេនឹងនៅតែបន្តអនុវត្តន៍កិច្ចព្រមព្រៀងខាងលើនេះដដែល ទោះបីជារដ្ឋបាលលោក ត្រាំ សម្រេចដកខ្លួនចេញក្តី ហើយពួកគេនឹងអាចបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងបណ្តាប្រទេសក្នុងកិច្ចព្រមព្រៀងនោះដដែល ក្នុងន័យបន្តឆន្ទៈការពារបរិស្ថានភពផែនដី តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ នោះ៕