(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាមន្រ្តីជាន់ខ្ពស់មួយរូបរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ គឺជាការជួយសម្រាលបន្ទុកចំណាយក្នុងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ព្រោះបានគណបក្ស សង្រ្គោះជាតិដែលទើបជាប់ឆ្នោតចូលរួមចំណែកអភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ។

លោក ខៀវ កាញារីទ្ធ ក៏បានរំលឹកទៅដល់គណបក្សសង្រ្គោះជាតិផងដែរថា លទ្ធផលនៃការបោះឆ្នោត បានដឹងរួចរាល់ហើយ ហើយក៏ដល់ពេលប្រកួតប្រជែងគ្នាបម្រើប្រជាពលរដ្ឋផងដែរ។

លោក ខៀវ កាញារីទ្ធ បានលើកឡើងលើទំព័រ Facebook នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧យ៉ាងដូច្នេះ៖ «មានអ្នកមកសួរភ្លាមថាធ្វើគរគោកចាញ់គេ មិនទាំងធ្វើបង្គន់មួយផង តើឈឺចិត្តទេ ? ខ្ញុំថាទេ តាមពិតអរគុណបងប្អូនទាំងនោះ ដែលគាត់មិនចង់ឲ្យខ្ញុំចំណាយច្រើន ហើយចង់ឲ្យអ្នកថា ចាយម្តងទេតើ។ បោះឆ្នោតរួចហើយ លទ្ធផលដឹងហើយ ពេលនេះមិនមែនរឿងជេរទេ គឺយើងប្រកួតគ្នាបំរើប្រជាជនម្តង»។ លោក ខៀវ កាញារីទ្ធ ក៏បានអរគុណដល់សកម្មជន នៅក្នុងស្រុកកោះសូទិនទាំងមូល ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅតែបង្ហាញក្តីរីករាយចំពោះលទ្ធផលនៅថ្ងៃម្សិលមិញនេះ ព្រោះការបោះឆ្នោតនេះ បើធៀបឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតជាង ៣០ម៉ឺនសំឡេង។ តាមរយៈលទ្ធផលនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តដណ្តើមបានជ័យជម្នះនៅឆ្នាំ២០១៨ ក្នុងការដឹកនាំរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា លទ្ធផលបឋម និងមិនទាន់ផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជាទទួល ១១៦៣ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិ  ទទួលបាន ៤៨២ឃុំ-សង្កាត់ និង គណបក្សខ្មែររួបរួមជាតិ ១ឃុំ៕