(ភ្នំពេញ)៖ បើទោះបីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សសង្រ្គោះជាតិ ទទួលការកើនឡើងឃុំសង្កាត់មែន បើធៀបការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០១២, ប៉ុន្តែបើប្រៀបធៀបសម្លេងកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ បានបាត់សម្លេងយ៉ាងច្រើន។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការរីករាយចំពោះលទ្ធផលនៅថ្ងៃម្សិលមិញនេះ ព្រោះគណបក្សប្រជាជនកម្ពុជា បានកើនសំឡេងឆ្នោតរហូតដល់ជាង ៣០ម៉ឺនសំឡេង បើធៀបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញទៀតថា តាមលទ្ធផលនេះគណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សសំឡេងភាគច្រើននៅក្នុងរដ្ឋសភានៅឆ្នាំ២០១៨ និងជាគណបក្សដឹកនាំរាជរដ្ឋាភិបាលដដែល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់លើទំព័រ Facebook នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះថា កាលពីយប់មិញមានមនុស្សមួយចំនួន ចេញមកអះអាងថា គណបក្សប្រជាជនចាញ់ឆ្នោត។ សម្តេចចាត់ទុកអ្នកលើកឡើងនេះថា ជាមនស្សស្គាល់ត្រឹមដើមឈើនឹងមិនស្គាល់ព្រៃទាំងមូលនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា គណបក្សប្រឆាំង គឺគណបក្សសង្រ្គោះជាតិ មានផែនការគ្រប់គ្រងសំឡេងភាគច្រើននៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជា អង្គបោះឆ្នោតព្រឹទ្ធសភា ដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងតំណែងប្រមុខរដ្ឋស្តីទី ពេលអវត្តមានព្រះមហាក្សត្របានបរាជ័យរួចទៅហើយ។ «គេឃោសនាថា ឆ្នាំ២០១៧ យក ឃុំ សង្កាត់ និងព្រឹទ្ទសភា ឆ្នាំ២០១៨ នឹងយកសភា។ ពេលខាងមុខគណបក្សប្រជាជននៅតែបន្តដឹកនាំដោយសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា»

សម្តេចតេជោ បន្តថា «សំឡេងឆ្នោតគណបក្សប្រជាជនមានការកើនឡើងប្រៀប នឹងការបោះឆ្នោតឆ្នាំ២០១៣ និងខ្ពស់ជាងបក្សផ្សេងទៀតនៅកម្ពុជា។ តាមតួលេខមិនទាន់ផ្លូវការចំនួនអ្នកបោះឆ្នោត ៦,៧៤៣,៣២៩សំឡេង គណបក្សប្រជាជនទទួលបានចំនួន ៣,៥២៩,៤០០សំឡេង ស្មើ ៥១,៣៩% កើនឡើងជាង ៣០ម៉ឺនសំឡេងប្រៀបនឹងការបោះឆ្នោតឆ្នាំ២០១៣»

សម្តេតេជោ បានបន្ថែមទៀតថា «បក្សផ្សេងសង្ឃឹមថាបក្សទាំងនោះ នឹងចេះបូកលេខខ្លួនឯង ហើយប្រៀបធៀបទៅនឹងអាសនៈក្នុងសភា ដែលអាចបញ្ជាក់ច្បាស់រួចទៅហើយថា គណបក្សប្រជាជន នឹងនៅតែជាគណបក្សមានសម្លេងភាគច្រើនក្នុងសភា និងដឹកនាំរាជរដ្ឋាភិបាលបន្តទៀត។ សំឡេងឆ្នោត ឆ្នាំ២០១៨ នឹងមិនខុសគ្នាជាមួយសំឡេងឆ្នោតពេលនេះប៉ុន្មាននោះទេ»

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណ និងជូនពរថ្នាក់ដឹកនាំគ្រប់ថ្នាក់ និងសមាជិក សមាជិការគណបក្សប្រជាជនទាំងអស់ដែលនាំបក្សមកកាន់ ជោគជ័យជាថ្មីម្តងទៀត។

សូមបញ្ជាក់ថា លទ្ធផលបឋមនិងមិនទាន់ផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គណបក្សប្រជាជនកម្ពុជាទទួល ១១៦៣ឃុំ-សង្កាត់, គណបក្សសង្គ្រោះជាតិ  ទទួលបាន ៤៨២ឃុំ-សង្កាត់ និងគណបក្សខ្មែររួបរួមជាតិ ១ឃុំ៕