(ភ្នំពេញ)៖ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសឃុំសង្កាត់ ២០១៧ ត្រូវបានបញ្ចប់ដោយភាពរលូន, នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ លទ្ធផលបឋម ក្រៅផ្លូវការបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន១១៦១ឃុំ-សង្កាត់ ស្មើប្រមាណជាង៧០% និងគណបក្សសង្រ្គោះជាតិ ៤៨៤ឃុំ-សង្កាត់ ប្រមាណ៣០%។ ដែលនេះបង្ហាញពីភាពបរាជ័យយ៉ាងអាម៉ាស់របស់គណបក្សសង្រ្គោះជាតិ ព្រោះគណបក្សសង្រ្គោះជាតិ មានក្តីស្រមៃប៉ុនប៉ងយកឈ្នះ ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ រហូតដល់៧០% ទៅ ៧៥% ដើម្បីកាន់កាប់ព្រឹទ្ធសភា នឹងធ្វើជាប្រមុខរដ្ឋស្តីទីពេលអវត្តមានព្រះមហាក្សត្រ ប៉ុន្តែត្រូវបានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អះអាងថា គណបក្សសង្រ្គោះជាតិ ទទួលបរាជ័យយ៉ាងអាម៉ាស់ចំពោះលទ្ធផលនេះ។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបាននូវប្រៀបឈ្នះលើសលប់ក្នុងការកាន់កាប់អាសនៈ មេឃុំ/ចៅសង្កាត់ និងអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ចំណុចនេះបានធ្វើឲ្យមន្រ្តីបក្សប្រឆាំងបាក់អំនួតនូវភាពក្អេងក្អាងរបស់ខ្លួន។ នេះជាការពិតនៃជំហានថ្មីដ៏រឹងមាំប្រកបដោយ ថាមពលសំរាប់ឈានទៅកាន់ជ័យជំនះ បោះឆ្នោតសាកលឆ្នាំ២០១៨។ សំលេងគាំទ្រគណបក្សប្រជាជនឆ្នាំ២០១៧ នេះបើប្រៀបធៀប២០១៣ មានការកើនឡើងច្រើនគួរឲ្យកត់សំគាល់។ តើអាចទេ គណបក្សដែលខំប្រឹងអស់ហើយ បានត្រឹមតែជាង៤០០ឃុំសង្កាត់ អាចមានសន្ទុះឈ្នះគណបក្សមួយ ដែលមានរហូតដល់ជាង១១០០ឃុំសង្កាត់ និងកំពុងកាន់អំណាច?
មន្រ្តីជាន់ខ្ពស់ដដែលនេះបានថ្លែងឲ្យដឹងថា ការបោះឆ្នោតឃុំសង្កាត់លើកនេះ មិនមានចរឹតជាការបោះឆ្នោតប្រកួតប្រជែងជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ, ប៉ុន្តែវាហាក់ដូចជាការបោះឆ្នោតដើម្បីកំណត់ថា អ្នកណាជាអ្នកបន្តដឹកនាំរាជរដ្ឋាភិបាល នៅឆ្នាំ២០១៨ ខាងមុខនេះ។ ដោយហេតុថា យុទ្ធនាការដ៏ធំរបស់ គណបក្សទាំងពីរ គឺបានដឹកនាំដោយប្រធានគណបក្សទាំងពីរដូចគ្នា។
អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ថ្លែងឲ្យដឹងថា ទោះបីគណបក្សសង្រ្គោះជាតិ ទទួលបានការកើនឡើង ឃុំសង្កាត់មួយចំនួនរហូតដល់ប្រមាណ ៤៨២ឃុំ-សង្កាត់មែន ប៉ុន្តែបើប្រៀបធៀបសម្លេងឆ្នោតឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានស្រុតថយ សម្លេងមួយចំនួនធំ។ បើតាមតួលេខសន្លឹកឆ្នោត របស់គណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ អាចនឹងឈ្នះរហូតដល់ជាង៦០០ឃុំ-សង្កាត់ឯណោះ ប៉ុន្តែនៅពេលនេះឈ្នះបានត្រឹមតែជាង៤៨០ឃុំ-សង្កាត់តែប៉ុណ្ណោះ ពោលបានបាត់ប្រមាណជិត២០០ឃុំ។ នេះបង្ហាញថា សម្លេងឆ្នោតនៅឆ្នាំ២០១៧នេះ មានការស្រុតថយអ្នកគាំទ្រអស់ជាច្រើន។
អ្នកតាមដានស្ថានការណ៍ដដែលរូបនោះ បានបញ្ជាក់ថា សម្លេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបសម្លេងឆ្នោត កាលឆ្នាំ២០១៣កន្លងទៅ ដូច្នេះប្រសិនបើសម្លេងឆ្នោត របស់គណបក្សប្រជាជន ទទួលបានដូចខាងលើនេះ នោះមានន័យថា ការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខ គណបក្សប្រជាជន នឹងកើនកៅអីតំណាងរាស្រ្តនៅក្នុងសភា ហើយនៅតែទទួលបានជោគជ័យ ដឹកនាំរាជរដ្ឋាភិបាលដដែល។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានប្រកាសថា ប្រជាពលរដ្ឋជាង៨៥ភាគរយ នៅក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ជាង៧,៨លាននាក់ បានទៅបោះឆ្នោតបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ។ របាយការណ៍ គ.ជ.ប បង្ហាញថា៖ អ្នកបានទៅបោះឆ្នោតមានចំនួន ៦,៧៤៣,៣២៩នាក់ ស្មើ ៨៥,៧៤ភាគរយ។
សូមជំរាបថា ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង។ គ.ជ.ប បានប្រកាសថា បរិយាកាសបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានភាពល្អប្រសើរ ចំណែកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា ការបោះឆ្នោតត្រូវបានបិទបញ្ចប់, បញ្ហាសន្តិសុខនៅតាមការិយាល័យបោះឆ្នោត ទូទាំងប្រទេស បានដំណើរការយ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សា ណាមួយកើតឡើងនោះទេ សម្រាប់ថ្ងៃបោះឆ្នោតនេះ៕