(ភ្នំពេញ)៖ យោងតាមលទ្ធផលបឋមក្រៅផ្លូវការ ដែលភ្នាក់ងារព័ត៌មានទទួលបានពីតាមបណ្តាខេត្តនានា បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន១១៦៣ឃុំ-សង្កាត់ ស្មើប្រមាណ៧០% និងគណបក្សសង្រ្គោះជាតិ ៤៨២ឃុំសង្កាត់ប្រមាណ៣០%។​

អ្នកវិភាគ បក្សីចាំក្រុង ដែលជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ថ្លែងឲ្យដឹងថា បើទោះបីគណបក្សសង្រ្គោះជាតិ ទទួលបានការកើនឡើង ឃុំសង្កាត់មួយចំនួន រហូតដល់ប្រមាណ៤៨២ឃុំ-សង្កាត់មែន ប៉ុន្តែបើប្រៀបធៀបសម្លេងឆ្នោតឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិបានស្រុតថយ សម្លេងមួយចំនួនធំ។ បើតាមតួលេខសន្លឹកឆ្នោតរបស់គណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ គណបក្សសង្រ្គោះជាតិ អាចនឹងឈ្នះរហូតដល់ជាង ៦០០ឃុំ-សង្កាត់ឯណោះ ប៉ុន្តែនៅពេលនេះឈ្នះបានត្រឹមតែជាង៤៨០ឃុំ-សង្កាត់តែប៉ុណ្ណោះប្រមាណជិត៣០ភាគរយ មិនបាន១,៣ភាគនោះទេ, នេះបង្ហាញថា សម្លេងឆ្នោតនៅឆ្នាំ២០១៧នេះ មានការស្រុតថយអ្នកគាំទ្រអស់ជាច្រើន។

អ្នកវិភាគដដែលរូបនោះ បានបញ្ជាក់ថា សម្លេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ បើប្រៀបធៀបសម្លេងឆ្នោត កាលឆ្នាំ២០១៣កន្លងទៅ ដូច្នេះប្រសិនបើសម្លេងឆ្នោត របស់គណបក្សប្រជាជន ទទួលបានដូចខាងលើនេះ នោះមានន័យថា ការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តឆ្នាំ២០១៨ ខាងមុខ គណបក្សប្រជាជន នឹងកើនកៅអីតំណាងរាស្រ្តនៅក្នុងសភា ហើយនៅតែទទួលបានជោគជ័យដឹកនាំរាជរដ្ឋាភិបាលដដែល។

លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានប្រកាសថា ប្រជាពលរដ្ឋជាង៨៥ភាគរយ នៅក្នុងចំណោមប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ជាង៧,៨លាននាក់​ បានទៅបោះឆ្នោតបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋ។

* របាយការណ៍ គ.ជ.ប បង្ហាញថា៖ អ្នកបានទៅបោះឆ្នោតមានចំនួន ៦,៧៤៣,៣២៩នាក់ ស្មើ ៨៥,៧៤ភាគរយ។

សូមជំរាបថា ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅទូទាំងប្រទេសកម្ពុជា បានបិទបញ្ចប់នៅវេលាម៉ោង៣៖០០រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការិយាល័យបោះឆ្នោតជាង២ម៉ឺនកន្លែង។ គ.ជ.ប បានប្រកាសថា បរិយាកាសបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ មានភាពល្អប្រសើរ ចំណែកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា ការបោះឆ្នោតត្រូវបានបិទបញ្ចប់, បញ្ហាសន្តិសុខនៅតាមការិយាល័យបោះឆ្នោត ទូទាំងប្រទេស បានដំណើរការយ៉ាងល្អប្រសើរ ដោយគ្មានអំពើហិង្សា ណាមួយកើតឡើងនោះទេ សម្រាប់ថ្ងៃបោះឆ្នោតនេះ៕