(ភ្នំពេញ)៖ ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ ព័ន្ធទាំងអស់ ដែលបានជួយធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ទទួលបានជោគជ័យចាប់តាំងពីថ្ងៃផ្តើមយុទ្ធ នាការឃោសនាបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រ Facebook តែប៉ុន្មានម៉ោងក្រោយលទ្ធផលបឋមត្រូវបានប្រកាសថា «ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងគ្រប់គណបក្សនយោបាយទាំងអស់ ព្រមទាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានចូលរួមនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ ចាប់តាំងពីថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតរហូតមកដល់ថ្ងៃបោះឆ្នោត ដែលបានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យនៅថ្ងៃនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងនៅក្នុងដំណើការឃោសនាបោះឆ្នោត និងនៅក្នុងថ្ងៃបោះឆ្នោត។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានអរគុណយ៉ាងជ្រាលជ្រៅផងដែរដល់អង្គការជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍នៅក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ប្រកបដោយតម្លាភាព សេរីត្រឹមត្រូវ និងយុត្តិធម៌ ហើយសង្ឃឹមថា បណ្តាអង្គការដៃគូទាំងអស់នឹងបន្តចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតអាណត្តិក្រោយៗទៀត។
សូមបញ្ជាក់ថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានយកឈ្នះ ១១៦៣ឃុំ សង្កាត់, គណបក្សសង្រ្គោះជាតិឈ្នះ ៤៨២ឃុំ សង្កាត់, គណបក្សខ្មែររួបរួមជាតិឈ្នះ ១ឃុំ៕