(ភ្នំពេញ)៖ ក្រោយទទួលមរណភាព នៅម៉ោងប្រមាណ២៖២៥នាទី រសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ សពលោក អ៊ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN ត្រូវក្រុមគ្រួសារយកទៅតម្កល់ទុក និងបូជានៅវត្តឧត្តរាវត្តី ស្ថិតសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ជិតស្ថានីយ៍ទូរទស្សន៍ CTN តែម្ដង។

លោក អ៊ិត សេដ្ឋា បានទទួលមរណភាព ក្នុងពេលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី ក្រោយក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះបន្ទាន់ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ព្រោះស្ថានភាពជំងឺធ្ងន់ធ្ងរពេក នេះបើតាមការបញ្ជាក់របស់ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ថ្លែងប្រាប់សារព័ត៌មាន Fresh News ។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់ថា លោក អ៊ិត សេដ្ឋា ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី នៅម៉ោងប្រមាណ១១ព្រឹកថ្ងៃទី៤ ខែមិថុនានេះ ដោយមានការយកចិត្តទុកដាក់ និងទំនុកបម្រុងជ្រុមជ្រែងយ៉ាងខ្លាំងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយនឹងសប្បុរជនជាច្រើនផងដែរ រួមមានលោក ហ៊ុន ម៉ាណែត និងលោកស្រី ឧបត្ថម្ភថវិកា២០លានរៀល និងសប្បុរសជនមួយចំនួនទៀត៕