(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News មុននេះបន្តិចថា ការបោះឆ្នោតត្រូវបានបិតបញ្ចប់ហើយ នៅវេលាម៉ោង៣រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយបញ្ហាសន្តិសុខនៅតាមការិយាល័យបោះឆ្នោត ទូទាំងប្រទេស បានដំណើរការយ៉ាងល្អប្រសើរ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចទាំងអស់នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ បានយាមកាមយ៉ាងល្អប្រសើរ និងគ្មានអំពើហិង្សាណាមួយកើតឡើងនោះទេ សម្រាប់ថ្ងៃបោះឆ្នោតនេះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ មានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៧.៨លាននាក់ ស្មើនឹង ៨១.៣៨ភាគរយ បានចុះឈ្មោះបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតប្រមាណ ៩.៦លាននាក់ ដែលមានការិយាល័យបោះឆ្នោតចំនួន ២២,១៤៨ការិយាល័យ។
ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅថ្ងៃបោះឆ្នោតទី០៤ ខែមិថុនានេះ កងកម្លាំងសមត្ថកិច្ចសរុប៣៧,៥៣០នាក់ ត្រូវបានដាក់ពង្រាយការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងនោះកម្លាំងនគរបាលមានចំនួន ៣៥,០៤៣នាក់ កងរាជអាវុធហត្ថចំនួន ៦៤៣នាក់ និងកងយោធពលខេមភូមិន្ទ ១,៨៤៤នាក់៕